ខេត្តស្វាយរៀង៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ៦៦៨នាក់ ស្រី៤៧៩នាក់ ស្ថិតនៅឃុំត្រស់ ស្រុករមាសហែក។
ក្នុងពិធីមានការអញ្ជើញចូលរួមពីសំណាក់លោករស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងនិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកស្រី មេឃុំព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកវេជ្ជបណ្ឌិត គុជ សុីថា បានឱ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំត្រស់ ដែលជាការគិតគូររបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រលោកហ៊ុន ម៉ានី។
លោកវេជ្ជបណ្ឌិត គុជ សុីថា បានសង្កត់ធ្ងន់ថា ការពិនិត្យនិងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងនាពេលនេះរួមមាន ជំងឺទូទៅមនុស្សចាស់៤៨៧នាក់ ជំងឺទូទៅកុមារ ៥៧នាក់, អេកូសាស្រ្ត ៤២នាក់វះកាត់តូចជំងឺភ្នែក និងសុខភាពមាត់ធ្មេញ៥នាក់។
ក្នុងឱកាសនោះ លោករស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ក៏ដូចជា លោកសៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលជានិច្ចកាលតែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់ហើយក៏បានផ្ដាំផ្ញើឱ្យថែរក្សាសុខភាពឱ្យបានល្អផងដែរ ។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងឃុំត្រស់ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុករមាសហែកដោយឥតគិតថ្លៃ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តែងតែគិតគូរសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ៕
ដោយ៖ សុថាន