ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាព ងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី ១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្ដាប្រទេសនានា ហើយក្រសួងយុត្តិធម៌នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខ។
ក្រសួងយុត្តិធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ ៕
ដោយ ៖ សិលា