ក្តីសង្ឃឹមវគ្គជម្រុះ Euro 2024 របស់ក្រុមសាធារណរដ្ឋអៀរឡង់កាន់តែដុនដាប បន្ទាប់ពីហូឡង់បានស៊ុតបាល់បញ្ចូលទី២គ្រាប់ទល់នឹង១គ្រាប់នៅទីក្រុង Dublin កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កញ្ញានេះ។ កីឡាករ Adam Idah របស់ក្រុមអៀរឡង់បានផ្តល់នូវក្តីសង្ឃឹមមួយបន្ទាប់ពីការរកគ្រាប់បាល់នាំមុខនៅនាទីទី៤ តាមរយៈបាល់ប៉េណាល់ទី១១ម៉ែត្រ ក្រោយពីបាល់ប៉ះដៃខ្សែការពារ Virgil van Dijk។
ក្នុងតង់ទី១ដដែលកីឡាករហូឡង់បានវាយបកវិញតាមស្មើនៅនាទីទី១៩ ដោយកីឡាករ Cody Gakpo តាមរយៈបាល់ប៉េណាល់ទីដែរ។ ចូលដល់តង់ទី២ កីឡាករបម្រុង Wout Weghorst រកបាន១គ្រាប់ទៀតនៅនាទីទី៥៦ ដែលជាគ្រាប់បាល់ជ័យជម្នះធ្វើឲ្យក្រុមអៀរឡង់រងការបរាជ័យជាលើកទី៤ក្នុងការប្រកួតជម្រុះចំនួន៥។
ក្រុមរបស់អ្នកចាត់ការ Stephen Kenny ដេញតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ២ហូឡង់ចំនួន៦ពិន្ទុ ដោយហុល្លង់នៅចំណេញលេងមួយប្រកួតបន្ថែមទៀត ជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយក្រិក និងការធ្វើដំណើរទៅកាន់ក្រុម Gibraltar នៅខែតុលាខាងមុខ។ ជាមួយនឹងការធ្វើដំណើរទៅកាន់ប្រទេសហូឡង់ ដើម្បីឈានចូលវគ្គជម្រុះចុងក្រោយរបស់ពួកគេ ការបរាជ័យកាលពីថ្ងៃអាទិត្យនៅទីក្រុង Dublin ធ្វើឲ្យក្រុមអៀរឡង់បាត់បង់ឱកាសប្រជែងកៅអីយូរ៉ូឆ្នាំ២០២៤ខាងមុខ ហើយក្រុមនេះក៏ធ្លាប់បរាជ័យក្នុងការដឹកនាំក្រុមទៅ Euro 2020 និង World Cup កាលពីឆ្នាំមុនផងដែរ។
លទ្ធផលនេះធ្វើឲ្យក្រុមហុល្លង់ទទួលបាន៣ពិន្ទុបន្ថែម ដោយបន្តឈរលេខ២ក្នុងពូល B មាន៩ពិន្ទុ តាមពីក្រោយក្រុមលេខ១ក្នុងពូលបារាំងដែលមាន១៥ពិន្ទុពេញក្នុង៥ប្រកួតកន្លងមក។ រីឯក្រុមលេខ៣គឺក្រិចមាន៩ពិន្ទុដូចគ្នា ខណៈដែលក្រុមលេខ៤គឺអៀរឡង់មាន៣ពិន្ទុ និងក្រុម Gibraltarឈរលេខ៥គ្មានពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)