ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូ TOP Diamond នៅខេត្តតាកែវ ហេតុអ្វីត្រូវបង់ប្រាក់អោយអ្នកសារព័ត៌មាន គួរបង្ហាញតួលេខឈ្មោះពិត ហើយអាជីវកម្មស្របច្បាប់ ឬទេ !

ចែករំលែក៖

ភ្នំពេញ ៖ វាជារឿងមួយដែលត្រូវបង្ហាញការពិត ខណៈខាងអង្គភាព កាស៊ីណូ TOP Diamond នៅខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងថា, ខ្លួនបានបង់ប្រាក់អោយអ្នកសារព័ត៌មាន ក្នុង១ខែ ចាប់ពី៧០០ ទៅ ៩០០ អង្គភាព ហើយប្រកាសឈប់អោយដោយសារ កត្តាខ្វះខាត ! ។ ផ្ទុយទៅវិញ ការលើកឡើងបែបនេះ ក៏មានករណីប្រតិកម្មតាមវិជ្ជាជីវៈផងដែរ ពីលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដោយលោកលើកជាចម្ងល់យ៉ាងខ្លីថា : វាជាបញ្ហារវាង «បរិមាណ និង តម្លៃ»? លោកបន្តថា, ខ្ញុំមិនការពារ ប៉ុន្តែក៏មិនទាន់ជឿលើតួលេខដ៏ច្រើនដែលដាក់ក្នុងនេះទេ។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ facebook ផ្លូវការ អាចជារបាយការណ៍ដែលលោកទទួលបាន ក៏ដាក់ទាំងស្រុងថា :
សូមគោរពរាយការណ៍ជូន មេ
សមត្ថកិច្ចចម្រុះ រួមទាំងព្រះរាជអាជ្ញា បានចុះទៅទីតាំងកាស៊ីណូ TOP Diamond នៅខេត្តតាកែវ។ កាស៊ីណូ បានស្នើសុំកែតំរូវតួលេខ មិនមែនពី៧០០-៩០០អង្គភាពទេ គឺពី ៥០០-៧០០អង្គភាព។ តំណាងកាស៊ីណូ លើកឡើងថា បានបង់លុយយ៉ាងតិច ២ម៉ឺនរៀល ក្នុង១អង្គភាព ហើយខ្លះមានថតប័ណ្ណសំគាល់ទុកដែរ។ មិនទាន់ដឹងថា ហេតុអ្វីបានជា កាស៊ីណូ ត្រូវបង់លុយអោយអ្នកទាំងនោះ? ហើយកាស៊ីណូមានអ្វីជាសំអាងថា អ្នកទាំងនោះជាអ្នកកាសែត? តើជាកាសែតពិត ឬជាកាសែតបន្លំ? សូមគោរពលា មេ 🙏។

សូមបញ្ជាក់ថា, កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ កាស៊ីណូ TOP Diamond នៅខេត្តតាកែវបានចេញ សេចក្តីជូនដំណឹង ដោយបញ្ជាក់ថា : គណ:គ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន សូមជម្រាបជូន ដំណឹងដល់បងប្អូនដែលជាភ្នាក់ងារសារព័ត៌មានទាំងអស់ជ្រាបថា ៖ កន្លងមកក្រោយពីរដូវកូវីដ ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ចេតនា សំរាប់បាយ-ទឹក និងសាំង ដល់បងប្អូនអ្នកសារព័ត៌យើងទាំងអស់ដែលបានឆ្លង កាត់ទីនេះ បើទោះបីជាតិចក្តី ច្រើនក្តី ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន មិនដែលអាក់ខានឡើយ។

ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ បងប្អូនអ្នកសារព័ត៌មានយើងបាន ចូលមកសុំប្រាក់ឧបត្ថម្ភនោះ មានចំនួនច្រើនហួសហេតុពេក ដោយក្នុង១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ធ្វើឱ្យក្រុមហ៊ុនមិនអាចមាន លទ្ធភាពដោះស្រាយជូនបាន។

ដូច្នេះចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ក្រុមហ៊ុននឹងមិនមាន ការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនអ្នកសារព័ត៌យើងទាំងអស់ទៀតទេ។ អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ដែលឆ្លងកាត់ទីនេះ ជ្រាបជាព័ត៌មាន។

ទីបំផុតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ខាង កាស៊ីណូ TOP Diamond នៅខេត្តតាកែវ សូមកែសម្រួលត្រឹម ៥០០ទៅ ៧០០អង្គភាពវិញ។ បន្ទាប់ពីមានគណៈកម្មការចម្រុះ និងសម្របសម្រួលពីតំណាងអយ្យការ ។
សូមរំលឹកផងដែរថា, ប្រសិនបើមានការស៊ើបអង្កេត សួរនាំ មានភស្តុតាងថា អ្នកកាសែតត្រូវបានទទួលប្រាក់ ហើយខាងកាស៊ីណូត្រូវបានបង់ប្រាក់ នេះជាចំណុចមួយដែលត្រូវពិចារណា ទីមួយ ខាងសារព័ត៌មានធ្វើខុសវិជ្ជាជីវៈ , ទីពីរ ខាងកាស៊ីណូ មានចំណុចខ្វះខាត ឬធ្វើអាជីវកម្មមិនស្របច្បាប់ឬមួយយ៉ាងណា ? អនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេង ឬក៏មានបើកសង្វៀនបញ្ជល់មាន់ ? ជាពិសេសក្រសួងព័ត៌មាន ក៏គួរកំណត់ឲ្យបានច្បាស់លាស់ ដើម្បីរកឲ្យឃើញចំពោះកំហុស អង្គភាពសារព័ត៌មានមួយណា ? ដើម្បីរក្សាបាន នូវក្រមសីលធម៌វិជ្ជាជីវៈ តម្លៃនៃអំណាចទី ៤ ជាសេរីភាពសកល ចៀសវាងប៉ះពាល់កិត្តិយស និងភាពអនាធិបតេយ្យ ក្នុងការប្រកបរបរវិជ្ជាជីវៈក្នុងសិទ្ធិទទួលយកព័ត៌មាន។ អាចគួរកំណត់ឲ្យបានច្បាស់ថា , ពេលចេញអាជ្ញាប័ណ្ណឱ្យបុគ្គលណាមួយ ដែលគាត់ជាចាងហ្វាងការផ្សាយ នាយកការផ្សាយ ត្រូវកំណត់នៅក្នុងលក្ខន្តិកៈ មានអ្វីខ្លះ ? ហើយការស្នើសុំ អាជ្ញាប័ណ្ណជាលក្ខណៈក្រុមហ៊ុន ,មានសញ្ញាបត្រកម្រិតវប្បធម៌ត្រឹមកម្រិតណា , ហើយធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលផ្នែកសារព័ត៌មានដែលឬអត់, គាត់មានស្នាក់ការជាកម្មសិទ្ធិរបស់ខ្លួនដែរឬទេ ? មានការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម, មានការបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំដែរឬទេ, អាចពង្រឹងលក្ខខណ្ឌទាំងនេះ មុនចេញអាជ្ញាប័ណ្ណ អាចជាចំណុចកំណែទម្រង់ដ៏ល្អមួយ។

ពាក់ព័ន្ធក្នុងករណីនេះដែរ, លោក ផុស សុវណ្ណ អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានផងដែរ បានបញ្ជាក់ថា : យើងបានខិតខំបំផុត ក្នុងការកែទម្រង់ ឱ្យវិស័យព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចំពោះករណីនៅខេត្តតាកែវនោះ កន្លងទៅខាងក្រសួងព័ត៌មានយកចិត្តទុកដាក់ណាស់ រហូតដល់ឱ្យប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ចុះទៅសួរនាំ ស្នើសុំឲ្យបង្ហាញឈ្មោះអ្នកសារព័ត៌មានទាំងនោះ ប៉ុន្តែគេមិនបានសហការជាមួយយើង ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មាននៅតែរឹតបន្តឹង ដើម្បីឲ្យអ្នកសារព័ត៌មានមានគុណតម្លៃ ប្រកបដោយសីលធម៌វិជ្ជាជីវៈ។

សូមជម្រាបជូនថា , អ្វីដែលក្រុមចម្រុះកំពុងចុះទៅពិនិត្យទីតាំងកាស៊ីណូខាងលើ អង្គភាពយើងមិនទាន់ទទួលបានរបាយការណ៍ផ្លូវការនៅឡើយទេ។ បើមានព័ត៌មានលម្អិត និងបន្តផ្សព្វផ្សាយនៅពេលក្រោយជូនប្រិយមិត្ត ៕

ដោយ ៖ សហការី


ចែករំលែក៖