ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាស្វាគមន៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកម្មវិធីបាឋកថាស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច”

ចែករំលែក៖

ភ្នំពេញ ៖ សុន្ទរកថាស្វាគមន៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកម្មវិធីបាឋកថាស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច” ឧទ្ទេសនាមដោយ លោកសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ម៉ោង៩:០០ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣, ទីស្តីការក្រសួងព័ត៌មាន ! 

. ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន លោក លោកស្រី អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាទីមេត្រី !

១. ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលក្រសួងព័ត៌មាន បានរៀបចំកម្មវិធីបាឋកថាស្តីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និង ភូមិសាស្ត្រសេដ្ឋកិច្ច» ឧទ្ទេសនាមដោយ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដើម្បីរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់ថ្នាក់ ដឹកនាំនៃក្រសួងព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន ស្របនឹងកាលៈទេសៈដែល កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរ ទស្សនកិច្ចរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខដែរ។ កម្មវិធីបាឋកថានាពេលនេះ គឺ ស្របទៅនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើទំនើបកម្មស្ថាប័នដោយផ្តោតសំខាន់លើ ការកសាងសមត្ថភាព និងធនធានមនុស្ស ហើយខ្ញុំពិតជារីករាយដែលឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សភាចារ្យអញ្ជើញមកផ្ដល់បាឋកថាដោយផ្ទាល់នៅថ្ងៃនេះ។

២. ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិង មន្ត្រីនៃក្រសួងព័ត៌មាន ស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំ រួមចំណែកក្នុងការបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ទោះបីជាទទួលរងនូវផលប៉ះ ពាល់វិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក៏បងប្អូនអ្នកសារព័ត៌មាន នៅតែខិតខំពុះពារជំនះរាល់ឧបសគ្គក្នុងការចុះស្វែងរកព័ត៌មាន ដើម្បីផ្សព្វផ្សាយចែករំលែកជូន សាធារណជនបានជ្រួតជ្រាប និងទាន់សភាពការណ៍ ដោយបង្រួមពិភពលោកឱ្យមកស្ថិតនៅក្នុងដ របស់ប្រជាជន ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថលនេះ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី

៣. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់តាមភាសាអង់គ្លេសថា «RCEP» មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្ត្រ ក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។ ហេតុនេះ អ្នកសារព័ត៌មាន មានតួនាទី សំខាន់ណាស់ក្នុងការនាំយកនូវដំណឹងទាំងអស់នេះដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។

៤. ទស្សនាទាននៃកិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ – កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមនេះបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្រប ពេលដែលកម្ពុជាយើងចាប់ផ្តើមអាណត្តិជាប្រធានអាស៊ានលើកទី៣ នាពេលនោះ។ មានន័យថា កិច្ចព្រមព្រៀងនេះបានចាប់បដិសន្ធិឡើងនៅប្រទេសកម្ពុជាយើង ហើយដប់ឆ្នាំក្រោយមក កិច្ចព្រម ព្រៀងនេះចូលជាធរមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងសារជាថ្មីម្ដងទៀត។

ឯកឧត្តម លោកជំទាវ លោក លោកស្រី

៥. សក្តានុពលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀង (RCEP) នៅក្នុងដំណាក់កាលនៃការស្តារ ឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ ពិតជាមានសារៈសំខាន់ជាសារវន្តសម្រាប់កម្ពុជា តាមរយៈការ ពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងឌីជីថលូបនីយកម្ម និងការផលិតដែលមានលក្ខណៈ វៃឆ្លាតនានា ដោយជំរុញនិងពង្រឹងសក្តានុពលវិស័យឧស្សាហកម្ម បច្ចេកវិទ្យាក្នុងស្រុកឱ្យក្លាយជា ផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ សម្រាប់គោលដៅរួមក្នុងការនាំកម្ពុជាឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

៦. ការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមហិមាមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការវិលត្រឡប់មក វិញនូវពហុភាគីនិយម ដោយបង្ហាញពីការប្ដេជ្ញាចិត្តរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការចូលរួម និង លើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរី និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកកាន់តែជិត ស្និទ្ធដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដូច្នេះ ការ យល់ច្បាស់គោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុង ស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តិនៃសភាពការណ៍នៅលើសកលលោក និង បង្កើននូវភាពប្រកួតប្រជែងរបស់ខ្លួន។ ខ្ញុំមានជំនឿយ៉ាងមុតមាំទៅលើអ្នកសារព័ត៌មានរបស់យើង ទាំងអស់ ក្នុងការជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិច្ចព្រមព្រៀងRCEPនេះទៅដល់ សាធារណជន ជាពិសេស វិនិយោគិន និងធុរជនបរទេសដែលមានបំណងចង់ធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ។

៧. មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានទាំងអស់ ដែលកំពុងបំពេញបេសកកម្ម លើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបន្តខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែម ទៀត ទាំងផ្នែកជំនាញបច្ចេកទេស និងចំណេះដឹងទូទៅ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបង្កើនជំនឿទុកចិត្តដល់សាធារណជន ដើម្បីឱ្យសាកសម ទៅនឹងកិត្តិនាម «វិស័យសារព័ត៌មាន គឺអំណាចទី៤ របស់រដ្ឋ»។

៨. ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែក ចំណេះដឹង និងបទពិសោធន៍ជូនដល់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ទាំងជាតិ និងអន្តរជាតិ ក្នុងកម្មវិធីបាឋកថានាពេលនេះ។ ជាទីបញ្ចប់ ខ្ញុំសូមប្រកាសបើកកម្មវិធីបាឋកថាស្តីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និង ភូមិសាស្ត្រសេដ្ឋកិច្ច» ចាប់ពីពេលនេះតទៅ និងសូមអញ្ជើញឯកឧត្តមទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ឡើងធ្វើបទបាឋកថា៕

ដោយ ៖ សិលា


ចែករំលែក៖