ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា : ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ក្រោយពីបានឃើញនូវហេតុការណ៍បង្ហោះវីដេអូមួយឃ្លីបតាមបណ្តាញព័ត៌មានសង្គមពីសំណាក់ស្រ្តីម្នាក់ ចោទប្រកាន់ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលជាអតីតគូរកំណាន់ចិត្ត បានតាមអុកឡុករំខានដល់ជីវិតនាងជារៀងរាល់ថ្ងៃ។
ជុំវិញបញ្ហានេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងថា៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីស្រ្តីតែងខ្លួនជាប្រុសបានចូលខ្លួនតាមការកោះហៅរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបកស្រាយឱ្យដឹងថា៖ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ស្រ្តីឈ្មោះ វណ្ណ ឌីលក្ខណ៍ អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៨ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងឈ្មោះ ឡុង សុខគីម ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទតាមអុកឡុក។
នៅពេលនោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ក៏បានកោះហៅស្រ្តីរងការចោទប្រកាន់ដើម្បីសាកសួរជុំវិញបណ្តឹងនេះ។ លុះនៅថ្ងៃដដែលភាគីទាំងពីរគឺស្រ្តីដើមបណ្តឹងនិងស្រ្តីចុងបណ្តឹងក៏បានសម្របសម្រួលគ្នាម្តងរួចមកហើយ សម្រេចបដិសេដដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី មិនប្តឹងចោទស្រ្តីចុងបណ្តឹងនោះទៀតទេ។
ដោយឡែកនៅពេលនោះសម្រាប់ស្រ្តីចុងបណ្តឹងតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម សមត្ថកិច្ចឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតស្រ្តីដើមបណ្តឹងតទៅទៀត បើមានករណីកើតឡើងបន្តទៀត ស្រ្តីខាងលើនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ ៖ សហការី