ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្ដីពី “ការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ក្នុងនោះសម្រេច :
ប្រការ១.. ត្រូវបានផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទ ធ្វើអាជីវកម្ម ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម ៖
ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
១. អាជីវកម្មសិល្បៈសូនរូប
– ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ ជាងគំនូរ
២. អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) ។
– កាត់សក់បុរស(ចាប់ពី ២កៅអី ទៅ ៤កៅអី)
– កាត់សក់បុរស(ចាប់ពី ៥កៅអី ឡើងទៅ)
– អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ២កៅអី ទៅ ៤កៅអី)
– អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥ កៅអី ឡើងទៅ)
– សម្អាងការ ( តម្លៃក្រោម ៥០០ដុល្លារអាម៉េរិក)
– សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាមេរិក)
ខ. វិស័យអប់រំ យុវជន និងកីឡា
– អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ
គ. វិស័យទេសចរណ៍
– ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក
– តូបលក់អាហារ
– ហាងលក់គុយទាវ កាហ្វេ
– ម៉ូតូឌុបទេសចរណ៍
· ម៉ូតូជួលទេសចរណ៍
– រ៉ឺម៉កម៉ូតូដឹកទេសចរណ៍
ឃ. វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល
១. ចុះបញ្ជីសិប្បកម្ម
– ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ
– ធ្វើទៀន ធូប
២. ថាមពល
– ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់
៣. សេវាកម្ម
– ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក
– លាងរថយន្ត ម៉ូតូ
– លាងម៉ូតូ
ង. វិស័យពាណិជ្ជកម្ម
– លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម
ច. វិស័យកសិកម្ម
– លិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម។
ប្រការ២ .-បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣ . − រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សុខ ខេមរា