ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖​ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ មានកិត្តិយស សូមជម្រាបជូនសារធារណៈជនជ្រាបថា ៖ លទ្ធផលការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កហិង្សា តាមបណ្តោយផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិស្មៅខ្ញី​ ឃុំត្រពាំងសាប​ ស្រុកបាទី ​(ខាងត្បូងផ្សារសំរោងយ៉ោង)​ កាលពីយប់ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ថ្មីៗនេះ​។ 

ដោយមានការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ  និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងផែននគរបាលយុត្តិធម៌ សហការជាមួយអធិការដ្ឋាននគរបាលស្រុកបាទី និងបណ្តាស្រុកពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានចំនួន ១៥នាក់ ក្នុងចំណោមបក្ខពួកទាំង២ក្រុម ឃាត់ខ្លួនបានចំនួន ០៥នាក់។

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងថា​ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញឃាត់ខ្លួនបានចំនួន ០៤នាក់ ក្នុងចំណោមបក្ខពួកចំនួន ១១នាក់ រួមមាន ៖ ១-ឈ្មោះ សេន ចាន់ដារ៉ា ហៅពូជ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន) ២-ឈ្មោះ ឆាន ធាន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន) ៣-ឈ្មោះ វ៉ាន់ រ៉ានុត ហៅ យូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិភ្នំតូច ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) ៤-ឈ្មោះ នួន ពៅ  ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) ៥-ឈ្មោះ សឿន គីមហាក់  ភេទប្រុស អាយុ២៤ ឆ្នាំ នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៦-ឈ្មោះ បូរ ចិត្រា  ហៅ ពូន ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៧-ឈ្មោះ គឹម សុគន្ធ  ហៅ គុណ ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៨-ឈ្មោះ អូន មាក់ ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៩-ឈ្មោះ ឆេន វីត ភេទប្រុស អាយុ១៦ ឆ្នាំ នៅភូមិភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ១០-ឈ្មោះ ទិត្យ សម្បត្តិ ហៅ ក្លូ ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិភូមិតស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ១១-ឈ្មោះ គឺ ថៃ ភេទប្រុស អាយុ២១ ឆ្នាំ នៅភូមិភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន)។ 

លុះនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​ កម្លាំងជំនាញឃាត់ខ្លួនបាន ០១នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៤នាក់ ១-ឈ្មោះ ង៉ែត សារ៉ាក់ ហៅ កាក់ ភេទប្រុស អាយុ១៦ ឆ្នាំ នៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន) ២-ឈ្មោះ ថេង រិទ្ធិស័ក្ត ហៅ ទ្រើក ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ( គេចខ្លួន ) ៣-ឈ្មោះ គីម វិច្ចិកា ហៅ កុង ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ( គេចខ្លួន ) ៤-ឈ្មោះ ខន តុលា ហៅ ឡា ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន)។

សូមបញ្ជាក់ថា នៅក្នុងខណៈក្រុមក្មេងទំនើងទាំង២ក្រុម ធ្វើសកម្មភាពដេញវាយ និងគប់គ្នានោះ ក៏បណ្តាលឲ្យត្រូវ រថយន្តម៉ាក MG ពណ៌ស មួយគ្រឿង បែកកញ្ចក់រថយន្តចំហៀងខាងឆ្វេង ដែលជិះឆ្លងកាត់តាមដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងដល់កន្លែងកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអយ្យការអមសាលាដំបូងខេត្តតាកែវរួច។ 

បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង៥នាក់ នៅព្រឹកថ្ងៃ​ទី១៤​ ខែកញ្ញា​នេះ​ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំពោះមុខសញ្ញាដែលរត់គេចខ្លួន កំពុងស្នើសុំចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖