ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ការព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការតាមដាននូវការវិវត្តនៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេស កម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីការ ព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

 ១-បាតុភូតសកល៖

បន្តនៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ(El Nino)បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣. អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់១០០ភាគរយ។

២- រដូវវស្សា៖

ក-បន្តនៅក្នុងខែកញ្ញា៖ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ៤០ ទៅ ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀង ធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។

ខ-នៅក្នុងខែតុលា និងខែវិច្ឆិកា ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយ មកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាមួយនឹង ផ្ទៃដីរងទឹកភ្លៀងប្រមាណពី៣០ទៅ៤០ភាគរយ។

គ-បញ្ចប់រដូវវស្សា៖ រដូវវស្សាឆ្នាំ២០២៣នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២៖ 

-តំបន់ខ្ពង់រាប៖ បញ្ចប់នៅក្នុងសប្ដាហ៍ទី៣ នៃខែតុលា។ -តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖ បញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា។

យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ និង ជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជា ព័ត៌មាន និងសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។

ពាក់ព័ន្ធករណីជូនដំណឹងនេះផងដែរ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរម្លឹកថា : សូមពុកម៉ែបងប្អូនប្រជាកសិករនៅទូទាំងប្រទេសបន្តតាមដាន និងបង្កើនការយកចិត្តទុកដាក់ឱ្យបានច្រើនពីការប្រែប្រួលនៃអាកាសធាតុ ជៀសវាងការខាតបង់ដោយការធ្វេសប្រហែសណាមួយ! បញ្ហានេះជាបញ្ហាប្រឈមសកល ដែលគ្មានប្រទេសណាអាចរត់គេចផុតនោះទេ តែយើងអាចត្រៀមខ្លួនបានល្អជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ រៀនពីបទពិសោធដែលបានឆ្លងកាត់ កាត់បន្ថយផលប៉ះពាល់ គួបផ្សំនឹងភាពឆ្លាតវៃនៃការសម្រេចចិត្ត។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចូលបញ្ហាប្រឈមនេះចូលទៅក្នុង«គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០» សំដៅធ្វើឱ្យកសិកម្មកម្ពុជាមានភាពធន់រឹងមាំជាមុន អាចទប់ទល់និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុបាន តួយ៉ាង ដូចជាការជំរុញសាកល្បងពូជស្រូវ«ចំបុីស៧០» ដែលជាប្រភេទពូជចំណាយពេលខ្លីសម្រាប់ការដាំដុះ មិនប្រកាន់រដូវ ធន់នឹងបញ្ហាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖