ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះសុខាភិបាលចិន​ បានដឹកសម្ភារពេទ្យដល់កម្ពុជាហើយ ដើម្បីត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ​ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែល​មានឈ្នោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប​នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​ យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀត​របស់កងទ័ពរំដោះប្រជាជនចិន ​បានដឹកមកដល់ប្រទេសកម្ពុជាហើយ! ។ 

គួរជម្រាបថា​ ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើក​ទី៦៥ឆ្នាំ​ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាពជាដើម។

សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន​ជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរ​បានកំណត់យក​ប្រធាន​បទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌​អន្តរជាតិរួមគ្នា ​នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។

សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព​ជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា​ នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ​ខេត្តសៀមរាប។

ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ ​កងទ័ពរំដោះប្រជាជនចិនក៏នឹង មាន​គម្រោងធ្វើកិច្ចការមនុស្សធម៌​ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ​ដោយកិច្ចការមនុស្សធម៌​នេះ​នឹងចុះព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ​និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ​ខេត្តសៀមរាប៕

ដោយ​៖ សហការី​


ចែករំលែក៖