ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំ ស្តីពី ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ សេចក្ដីណែនាំ ស្តីពី ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ! ដោយបញ្ជាក់ថា : 

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤

ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ និងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតនៅក្រោមនីតិរួមនៃរបបសារពើពន្ធជាធរមាន។ ក្នុងគោលបំណងដើម្បីផ្ដល់ ភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងដើម្បីគ្រប់គ្រងការប្រមូលចំណូលពន្ធប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំអំពីការអនុវត្តកាតព្វកិច្ច សារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដូចខាងក្រោម៖

១- កាតព្វកិច្ចចុះបញ្ជី និងបច្ចុប្បន្នភាព

ក- គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ថ្ងៃ ក្រោយ ចាប់ផ្ដើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬសកម្មភាពផ្សេងទៀត ឬក្រោយពីទទួលបានលិខិតបញ្ជាក់ការ ចុះបញ្ជី ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ។

ខ- គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវជូនដំណឹង ឬធ្វើបច្ចុប្បន្នភាព មករដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីការផ្លាស់ប្តូរអាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេរ ការបញ្ឈប់ អាជីវកម្ម សមាសភាពអ្នកគ្រប់គ្រង ឬអ្នកទទួលបន្ទុកកិច្ចការពន្ធដារ។

២- ពន្ធប៉ាតង់ ពន្ធប៉ាតង់ ត្រូវបានលើកលែងចំពោះសកម្មភាពរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងក្របខ័ណ្ឌ ការបំពេញបេសកកម្មផ្នែកសេវាសាធារណៈរបស់ខ្លួន សម្រាប់បម្រើប្រយោជន៍សាធារណៈ។

៣- អាករលើតម្លៃបន្ថែម

ក- ចំណូលដែលគ្រឹះស្ថានសាធារណៈរដ្ឋបាលទទួលបានការឧបត្ថម្ភពីថវិការដ្ឋ និងចំណូលដែលទទួល បានតាមរយៈការបំពេញបេសកកម្មផ្នែកសេវាសាធារណៈ ដែលជាកម្រៃសេវាសាធារណៈស្ថិតក្នុង ឧបសម្ព័ន្ធនៃថវិការបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស ឬវិភាគទានផ្សេងៗ មិនមែន ជាកម្មវត្ថុនៃអាករលើតម្លៃបន្ថែមឡើយ។

ខ- ឥណទានអាករលើធាតុចូលដែលគ្រឹះស្ថានសាធារណៈរដ្ឋបាល បានបង់ទៅឱ្យអ្នកផ្គត់ផ្គង់ មិនត្រូវ បានអនុញ្ញាតជាឥណទានអាករ និងមិនអនុញ្ញាតឱ្យស្នើសុំបង្វិលសងបានឡើយ។

៤- ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូល ត្រូវបានលើកលែងចំពោះប្រាក់ចំណូលដែលទទួលបានពីការឧបត្ថម្ភថវិការដ្ឋ និងកម្រៃសេវាសាធារណៈ ព្រមទាំងចំណូលផ្សេងៗទៀត សម្រាប់បម្រើឱ្យក្របខ័ណ្ឌបំពេញបេសកកម្មផ្នែកសេវា សាធារណៈរបស់ខ្លួន និងគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូល ត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ ឯកជន។

៥- ពន្ធអាករដទៃទៀត

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបំពេញកាតព្វកិច្ចជាភ្នាក់ងារកាត់ទុក ស្របតាមមាត្រា២៥ មាត្រា២៦ និងមាត្រា៣១ នៃច្បាប់ស្តីពីសារពើពន្ធ និងបង់ពន្ធលើប្រាក់បៀវត្ស ព្រមទាំងពន្ធអាករដទៃទៀត ស្របតាម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជាធរមាន។

៦- ការដាក់លិខិតប្រកាសសារពើពន្ធ

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំ ជូនរដ្ឋបាលសារពើពន្ធ ទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់ បើទោះបីជាមាន ឬគ្មានប្រាក់ពន្ធត្រូវបង់ក៏ដោយ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖