ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២និង២៥នាទីរសៀល កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងពាក់ព័ន្ធ បានចុះធ្វើនីតិវិធីឆែកឆេរទីតាំងកន្លែងកើតហេតុ ដើម្បីស្វែងរកតម្រុយភស្ដុតាងពាក់ព័ន្ធនិងសំណុំរឿង នៅទីតាំងគ្លីនិក ប៉ខាង ផ្ទះលេខ៣១ ផ្លូវ២៨២ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដោយទទួលបានបញ្ជាពីលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង លោកវរសេនីយ៍ត្រី គល់ សុផាត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានដឹកនាំកម្លាំង សហការឆែកឆេរនិងបង្ក្រាបករណី ឃាតកម្ម នៅគ្លីនិក ប៉ខាង ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីស្វែងរកតម្រុយភស្ដុតាងពាក់ព័ន្ធនិងសំណុំរឿង ឃាតកម្ម, បទលាក់កំបាំងសាកសព និងបទលុបបំបាត់វត្ថុតាង លើស្រ្តីជនជាតិ កូរ៉េ ឈ្មោះ BYIN A កាលពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទី។
ជាលទ្ធផល លោក ស សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ដកហូតវត្ថុចាប់យក ជាកូនសៀវភៅណែនាំប្រើប្រាស់ថ្នាំ Propofol Lipuro 10mg/ml ចំនួន ០១ច្បាប់ ។ ក្រោយពីឆែកឆេរគណៈកម្មការសំរេចបិទផ្ទះបណ្តោះអាសន្ន។
សូមជម្រាបថាកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុច គ្លីនិក ប៉ខាងផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រួមមានឈ្មោះ LAI WENSHAO ភេទប្រុស ជនជាតិចិន និងឈ្មោះ CAI HUI JUAN ភេទស្រី ជនជាតិចិន៕
ដោយ៖ ស សម