ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំមួយគ្រឿងបុកម៉ូតូ២គ្រឿងបណ្តាលឲ្យស្លាប់យុវតីម្នាក់ជាសិស្សថ្នាក់ទី១២និងយុវជនម្នាក់រងរបួសធ្ងន់ក្រោយបង្ករថយន្តបើករត់គេចត្រូវសមត្ថកិច្ចតាមចាប់បាននៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣តាមផ្លូវស្ថិតភូមិប្រឡាយលួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។
សមត្ថកិច្ចថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ម៉ៅ វិសាល ភេទស្រី អាយុ១៨ឆ្នាំ(រៀនថ្នាក់ទី១២នៅវិទ្យាល័យមង្គលបូរី)រស់នៅភូមិពាម ឃុំ.ស្រុកព្រះនេត្រព្រះនិងយុវជនម្នាក់ទៀតមិនបានស្គាល់ឈ្មោះនៅឡើយទេ។
ពលរដ្ឋប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខបន្ទាយមានជ័យ1Q.4438បានបើកបរតាមផ្លូវដោយយុវជនម្នាក់ក្នុងទិសដៅពីកើតមកលិច ហើយយុវតីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខបន្ទាយមានជ័យ1I.5397ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចមកកើតហើយមានរថយន្តធុនធំ១គ្រឿងទៀតបើកទិសដៅពីលិចមកកើតបានបុកម៉ូតូទាំង២គ្រឿងបណ្តាលឱ្យយុវតីម្នាក់ស្លាប់នឹងកន្លែងកិនបែកលលាដ៏ក្បាលហូរឈាមដាបផ្លូវនិងយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានសង្គ្រោះ ហើយរថយន្តធុនធំបង្កបានបើករត់ត្រូវសមត្តកិច្ចតាមចាប់ឃាត់បាននៅទឹកដីស្រុកព្រះនេត្រព្រះ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ព្រោះផ្លូវពីរង្វង់មូលយាយជីច្រកស្រូវស្រុកមង្គលបូរីទៅស្រុកព្រះនេត្រព្រះតូចចង្អៀត ក្រោយមន្ត្រីជំនាញធ្វើការវាស់វែងហើយប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសគ្នាហើយមានរថយន្តធុនធំបុកម៉ូតូ២គ្រឿងហើយកិនយុវតីម្នាក់ស្លាប់បែកលលាដ៍ក្បាលនឹងកន្លែងហើយយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានសង្គ្រោះ ចំណែករថយន្តដែលកិនយុវតីម្នាក់ស្លាប់បានបើករត់ត្រូវបានសមត្ថកិច្ចស្រុកព្រះនេត្រព្រះតាមស្ទាក់ចាប់បាន។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ ក្រោយធ្វើការវាស់វែងហើយសាកសពយុវតីដែលស្លាប់ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដឹកសាកសពជនរងគ្រោះជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ម៉ូតូ២គ្រឿងរងការខូចខាតតិចតួចនិងរថយន្តបង្កបើករត់ចាប់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ វណ្ណា