ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរំលឹកពីការបង់ពន្ធរថយន្តសម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងករណីខកខាន ម្ចាស់រថយន្តនឹងត្រូវទទួលរងពន្ធបន្ថែមចំពោះការយឺតយ៉ាវ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្តមេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១ សហវប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ ៩២៥៤ អពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការប្រមូលពន្ធនេះនឹង ត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋាន ពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញ មកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយ ក្រសួងសាធារណការនិងដឹកជញ្ចូននៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណ៍យ៍កម្ពុជា កអ ឬនៅ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវីង (ខេមបូឌា) មក(បង់តាមអនឡាញ) ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បាន ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យោងតាមលិខិតលេខ ៤៨២ សជណហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ បានលុះត្រាតែ បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ចូន ឱ្យបានរួចរាល់ជាមុនសិន។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដូច្នេះអគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្ត នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលា ដូចបានកំណត់ខាងលើ កុំបីខាន៕
ដោយ៖សហការី