ខេត្តកែប៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ឱ្យលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះអនុវត្តកិច្ចសន្យាក្នុងការត្រួតពិនិត្យ និងរុះរើសំណង់របងដែលបានសាងសង់ខុសច្បាប់០១កន្លែង ធ្វើពីបេតុង ជញ្ជាំងរៀបឥដ្ឋ ប្រវែង ១២ម៉ែត្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានសាងសង់រំលោភលើដីចំណីឆ្នេរសមុទ្រ។
ជាក់ស្ដែងលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានដឹកនាំក្រុមកាងារនិងមន្ត្រីជំនាញចុះទៅត្រួតពិនិត្យដល់ទីតាំងដែលធ្វើរបងថ្មរឹងមាំរំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលមួយកន្លែង កាលពីថ្ងៃទី១៤ ខែកញា ឆ្នាំ២០២៣ នៅតាមបណ្តោយឆ្នេរសមុទ្រអង្កោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយលោក ឆាង ឆៃ អភិបាលស្រុក បានត្រួតពិនិត្យផ្ទាល់ ពិតជាមានករណីធ្វើរបងថ្មរំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលដូចសារព័ត៌មានចុះផ្សព្វផ្សាយជាបន្តបន្ទាប់មកនោះពិតប្រាកដមែន។ លោកអភិបាលស្រុក ក៏បានចាត់វិធានការភ្លាមៗ ហៅលោក លឹម ហ៊ត ដែលជាតំណាងឱ្យម្ចាស់ការដ្ឋានសំណងខាងលើ ចូលខ្លួនធ្វើកិច្ចសន្យារុះរើចេញវិញដោយឥតលក្ខខណ្ឌដោយខ្លួនឯងនៅរសៀលថ្ងៃទី១៥ កញាម្សិលមិញនេះ នូវសំណង់របងថ្ម ដែលបានសង់រំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលជាសម្បត្តិរបស់រដ្ឋវិញ។
ផ្អែកតាមកិច្ចសន្យា ស្តីពីការរុះរើវាយកម្ទេចសំណង់របងថ្ម ដែលបានសាងសង់ចូលដីចំណីសមុទ្រអង្កោលចោលដោយឥតមានលក្ខខណ្ឌ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានប្រាប់ឲ្យដឹងថា លោក លឹម ហ៊ត ជាអ្នកតំណាងឱ្យម្ចាស់សំណង់មានទីលំនៅបច្ចុប្បន្ននៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានតំណាងឲ្យម្ចាស់មានលេខក្បាលដី ៣០៨ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានយល់ព្រមហៅកម្មករមកវាយកម្ទេចនិងរុះរើសំណង់របងថ្ម ដែលបានសង់រំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលដោយខ្លួនឯងអត់មានលក្ខខណ្ឌ ហើយគ្មានការតវ៉ាចាប់ពីថ្ងៃវាយកម្ទេចនេះតទៅ។
ចំពោះម្ចាស់សំណង់ ដែលជាអ្នកមានលុយ បានសាងសង់របងថ្មរំលោភច្បាប់ថែមទាំង ល្មើសច្បាប់ពិតជាបានរំលោភចូលឆ្នេរសមុទ្រអង្កោល ប្រមាណជាង ១២ ម៉ែត្រ ចូលដីចំណីឆ្នេរសមុទ្រអង្កោលពិតប្រាកដមែន។
ជាមួយគ្នានេះ លោកអភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់បន្ថែមថា ក្រោយពីការដាក់បទបញ្ជាពីរលោកអភិបាលខេត្តកែបបានដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុកដំណាក់ចង្អើរដឹកនាំកងកម្លាំង និងមន្ត្រីជំនាញ តម្រូវវាយកម្ទេចនិងរុះរើសំណង់នោះចោលវិញដោយមិនមានការទាមទារសំណង ឬថ្លៃរុះរើអ្វីពីរអាជ្ញាធរនោះឡើយ៕
ដោយ៖ សហការី