ខេត្តព្រះសីហនុ៖ មនុស្សចំនួន ០២នាក់នៅលើសាឡង់ដឹកខ្សាច់ដែលបានលិចក្នុងសមុទ្រខេត្តព្រះសីហនុត្រូវបានជួយសង្រ្គោះឱ្យរួចជីវិតហើយ។
ការជួយសង្គ្រោះនោះគឺធ្វើតាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចាត់តាំងកម្លាំងអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ និងវរសេនាតូចលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ចេញធ្វើអន្តរាគមន៍ផងដែរ។
សាឡង់ដឹកខ្សាច់ដែលបានលិចនៅចំណុចនិយាមការលេខ 10°45’70.92”N 103°32’22.60”E នាវេលាម៉ោង០៨៖១៥ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ខាងលិចកោះដូង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក ម៉ូ មឿន មេបញ្ជាការបង្ក្រាបនៅលើផ្ទៃសមុទ្រប្រចាំការកោះព្រាប បានឱ្យដឹងថា មូលហេតុដែលសាឡង់នេះលិចគឺដោយសារមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់ខ្លាំង និងរលកធំៗ ដែលសាឡង់មានបណ្ដោយប្រវែង ៥៧ម៉ែត្រ ទទឹង ១០.៤ម៉ែត្រ ពណ៌ទឹកប៊ិក លេខសាឡង់: AG-21190 មានផ្ទុកខ្សាច់ចំនួន ៦០០ម៉ែត្រគីប របស់ក្រុមហ៊ុនGreen Power ។
ជនរងគ្រោះដែលកម្លាំងអន្តរាគមន៍អង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ និងវរសេនាតូចលេខ២៤០ ប្រចាំខេត្តព្រះសីហនុជួយសង្រ្គោះបានចំនួន ០២នាក់នោះគឺ ទី១-ឈ្មោះ ឡេ ហ៊ួយថាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ស្រុកកំណើតក្រុងហ្គាំងធឺ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ជាអ្នកបើកបរសាឡង់ ។
ទី២-ឈ្មោះឡេ តាន់ហាយ ភេទប្រុស អាយុ ៥១ឆ្នាំ ស្រុកកំណើត ក្រុងហ្គាំងធឺ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ។
បច្ចុប្បន្នជនរងគ្រោះទាំង២នាក់នោះ សមត្ថកិច្ចយេីងបានជួយសង្រ្គោះយកមកដល់អង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ ដោយសុវត្ថិភាពហើយ ៕
ដោយ ៖ ជីវន្ត