ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា ដែលសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញ យោងតាមគោលការណ៍ឯកភាពពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យា ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍។

អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ សហការី​


ចែករំលែក៖