ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់មានទំនាស់ពាក្យសម្តីគ្នានៅក្នុងហាងផឹកស៊ីមួយកន្លែងរហូតដល់វាយបុរសម្នាក់ ជាជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ហើយបុរសជាបង្កបានរត់គេចខ្លួនបាត់ ភ្លាមនោះបុរសជនជាតិចិនដែលរងរបួសខឹងពេកបានវាយបំផ្លាញទ្រព្យសម្បត្តិនៅខាងមុខផ្ទះរបស់បុរសជាជនបង្កខ្ទេចខ្ទីអស់មួយចំនួន ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីជាងម៉ោង១០យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះយីហោ «សាឡនមីងជៀន» ទល់មុខនឹងហាងកើតហេតុយីហោ «ម្ហូបឆ្នាំងដី» ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិន២នាក់បាន ចូលទៅអង្គុយផឹកស៊ីនៅក្នុងហាងយីហោ«ម្ហូបឆ្នាំងដី» ដែលនៅទល់មុខផ្ទះរបស់បុរសបង្ក ។ ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួនហើយដោយមិនដឹងថាពួកគេទាំង២នាក់នោះមានទំនាស់ពាក្យសម្តីគ្នា ចេញពីរឿងអ្វីនោះទេ ស្រាប់តែបុរសជាជនបង្កនិងបុរសជាជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយក៏ប្រវាយប្រតប់គ្នាបណ្តាលឱ្យបុរសជាជនជាតិចិនម្នាក់រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ។ ចំណែកបុរស ជនជាតិចិនជាជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា ក្រោយមកបុរសជនជាតិចិនរងគ្រោះបានដើរទៅយកតុឈើរួចវាយបំផ្លិចបំផ្លាញសម្ភារដែលនៅខាងមុខផ្ទះរបស់ជនបង្កទល់មុខហាងផឹកស៊ីនោះ បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ រួចនាំខ្លួនបុរសរងគ្រោះទៅមន្ទីរពេទ្យ។បន្ទាប់មកទទួលពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីស្រាវជ្រាវតាមរកបុរសជាជនបង្កឃាត់ខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ