ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​នេះ​ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​ ដោយជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូ។        

 គួររំលឹកឡើងថា ការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ​បានប្រព្រឹត្តកាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្សារទឹកពុះ មុខកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស កុសល ហៅភុប ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ​ ខៀវ ពិសិដ្ឋ ហៅដូង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះជាសន្តិសុខយាមនៅផ្កាយប្រាំផ្សារទឹកពុះ។ នៅថ្ងៃកេីតហេតុ​ មានជនជាតិឥណ្ឌូនេស៊ីពុំស្គាល់អត្តសញ្ញាណស្គាល់តែមុខនៅកន្លែងធ្វើការចំនួន០២នាក់បានមកសុំខ្ចីម៉ូតូរបស់ខ្លួនជិះទៅទិញអីហូប នៅម្តុំផ្សារទឹកពុះ ក្រោយមកពួកគេបានមកប្រាប់ខ្លួនថា ម៉ូតូត្រូវបានចោរលួចបាត់ហើយ។ 

    ក្រោយពីទទួលបានបណ្តឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ​ និងបញ្ជូនបន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ ចំណែកឯម៉ូតូត្រូវបានដកហូតប្រគល់ជូនទៅម្ចាស់ដើមជាជនរងគ្រោះវិញ៕

ដោយ៖ ស សម


ចែករំលែក៖