ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យដែលកាប់ជនបរទេសរងរបួសដៃនៅសួនច្បារមាត់ទន្លេបានម្នាក់ទៀតហើយ ខណៈបក្ខពួកនៅសេសសល់ម្នាក់ទៀតកំពុងរត់គេចខ្លួន។
ហេតុការណ៍ចុះឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទល់មុខបុរីវិមានភ្នំពេញ ប្រឡាយទឹកស្អុយ ការដ្ឋានសំណង់ហ្គ្រែនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ញឹម ម៉ៅ ហៅអាគោ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសារ៉ាវន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារមាត់ទន្លេផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញមានករណីជនសង្ស័យ៣នាក់យកកាំបិតប៉័ងតោកាប់លេីជនរងគ្រោះជនជាតិអូស្ត្រាលី ភេទប្រុស អាយុប្រហែល៥០ឆ្នាំជាង បណ្តាលឲ្យរងរបួសដៃឆ្វេង ។
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយពីទទួលសភាពការណ៍នេះភ្លាមកម្លាំងជំនាញខណ្ឌនឹងប៉ុស្តិ៍ បានចុះស្រាវជ្រាវរហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលក៏បង្រ្កាបបានជនសង្ស័យម្នាក់រួមទាំងវត្ថុតាងកាំបិតប៉័ងតោ ដែលលាក់ទុកក្នុងធុងសំរាមក្បែរកន្លែងកេីតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ អ៊ួន សុខពៅ ហៅពៅធំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ នៅចំណុចទីតាំងផ្ញេីរម៉ូតូក្បែររបងវត្តឧណ្ណាលោម (ខាងត្បូង) ផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ចំណែកបក្ខពួក២នាក់ទៀតដែលរត់គេចត្រូវស្គាល់ឈ្មោះ គោ និងម្នាក់ទៀតឈ្មោះ អាល័ក្ខ អាយុ២៨ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកំពុងស្រាវជ្រាវស្វែងរកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេខ្លួនយកមកផ្តន្ទាទោសទៅតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ