ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រ អំពីការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា អំពីការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នៅក្នុងសារលិខិត បានបញ្ជាក់ថា​​​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ទូលព្រះបង្គំជាខ្ញុំ មានបិតិសោមនស្សរីករាយជាអនេកប្បការ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តីសម្រេច 45 COM 8B.8 បានអនុម័តជាឯកច្ឆ័ន្ទចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈការវាយតម្លៃជារួមលើ “រមណីយដ្ឋានប្រាសាទកោះកេរ” ដែលរក្សាបាននូវ Integrity និង Authenticity មានតម្លៃលេចធ្លោជាសកល (Outstanding Universal Value) ពេញលេញ។

ជោគជ័យនៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយដ្ឋាន អង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និងឆ្នាំ២០១៧។

ទូលព្រះបង្គំជាខ្ញុំ សូមទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាជ្រាបដ៏ ខ្ពង់ខ្ពស់ផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានមន្រ្តីជំនាញក្រោមឱវាទក្រសួង និងអាជ្ញាធរជាតិ ព្រះវិហារ បានចាប់ផ្តើមរៀបចំឯកសារស្នើសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយធ្វើការពិគ្រោះយោបល់ បច្ចេកទេសផ្នែកខ្លះជាមួយជំនាញការអន្តរជាតិរហូតសម្រេចបានទាំងស្រុងនៅឆ្នាំ២០២០។ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ កន្លងទៅ បានផ្តល់ការ ឯកភាពដ៏ខ្ពង់ខ្ពស់ បញ្ចូនសំណើជាផ្លូវការទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នាខែមករា ឆ្នាំ២០២១។ អ្នកជំនាញការរបស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS-Advisory Body of World Heritage committee) បានចុះមកធ្វើការវាយតម្លៃផ្ទាល់ នៅទីតាំងរមណីយដ្ឋានប្រាសាទកោះកេរ នាខែកញ្ញា ឆ្នាំ២០២១ ហើយនាខែមីនា ឆ្នាំ២០២២ កន្លងទៅ សំណើរបស់កម្ពុជាត្រូវបានបញ្ចូលជាផ្លូវការក្នុង របៀបវារៈរបស់សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដនាពេលនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំ សូមឧទ្ទិសសមិទ្ធផលថ្មីនេះ ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរដែលបានកសាង និងបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏ល្អឯកជាវប្បធម៌ និង អរិយធម៌ដ៏ចំណាស់ និងជាអត្តសញ្ញាណរបស់ជនជាតិខ្មែរយើង។

ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងអំណរព្រះមហារាជគុណថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទី គោរពសក្ការៈខ្ពង់ខ្ពស់បំផុត ដែលជានិច្ចជាកាលផ្ដល់នូវព្រះទ័យគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដ៏ល្អផូរផង់ និងសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោក ព្រមទាំងទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រទានប្រោះព្រំទឹកអម្រឹតថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួល នូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ៕

ដោយ​៖ ស​ តារា


ចែករំលែក៖