ខេត្តកំពង់ធំ ៖ មានហេតុការណ៍កូនសេកប៉ុនប៉ងសម្លាប់ព្រះសង្ឃ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)បានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ០០នាទីអធ្រាត្រ នៅចំណុចវត្តស្ពឺជើង បង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំជាកូនសេកលោក ស្នាក់នៅក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ មី ម៉ៃ មានស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានកាប់នឹងកាំបិតទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃដែលមានព្រះជន្ម៣២ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើង ភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយកាប់ត្រូវ០៤កន្លែងត្រូវចំកញ្ចឹងក២កាំបិត ដៃ១កាំបិតនិងកំភួនជើង១កាំបិត។
មូលហេតុ ដោយជនសង្ស័យមានទំនាស់ពាក្យសម្តីជាមួយសង្ឃរងគ្រោះទើបបណ្តាលអោយកើតហិង្សាតែម្តង ហើយករណីហិង្សានេះដែរ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យស្លាកស្នាមបញ្ចូនសង្ឃរងគ្រោះទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង។
ក្នុងករណីនេះដែរលោកវរសេនីយ៍ទោ ជឹម រីណា អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានអញ្ជើញដឹកនាំកម្លាំងអន្តរាគមន៍ចុះដល់កន្លែងកើតហេតុ និងបានឱ្យដឹងថា ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ ដែលពេលនេះសមត្ថកិច្ចយើងកំពុងតាមរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
ដោយ៖ សហការី