ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈមនុស្សស្លាប់ ៨នាក់ និង២១នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ១០នាក់ ។​ ដូច្នេះ​នៅពេលលោកអ្នកជិះម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! 

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៦លើក បត់គ្រោះថ្នាក់ ២លើក មិនប្រកាន់ស្តាំ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ៤លើក និងកត្តាផ្លូវ ២លើក។ 

គួរជម្រាបជូនថា​ ក្នុងរយៈពេល ១៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨១លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៣នាក់ របួស ៣០៨នាក់ (របួសធ្ងន់ ១៥២នាក់)។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​ និងក្រុមគ្រួសារ​៕

ដោយ​៖ សហការី​


ចែករំលែក៖