ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រីបានតិចតួច មិនសមបទល្មើសកើតមាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងរបាយការណ៍នៃលទ្ធផលក្នុងការពិនិត្យ និងបង្រ្កាបរបស់កម្លាំងសហការ បានឲ្យដឹងនាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កម្លាំងចំរុះច្រើននាក់បានសហការគ្នា និងបែងចែកចេញជា២គោលដៅ ដើម្បីធ្វើការពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រី ខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង និងបានចាក់លែងត្រីចំរុះចូលទឹកបឹងទន្លេសាបវិញផងដែរ ។

ក្នុងរបាយការណ៍នោះ(ថ្ងៃសៅរ៍)តាមដងស្ទឹងពោធិ៍សាត់រហូតដល់លំហរទន្លេសាប ស្ថិតនៅភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កម្លាំងបំផ្លិចបំផ្លាញឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង(របាំងសាច់អួន)ចំនួន០៥ខ្សែ ស្មើនឹងប្រវែងចំនួន២២០០ម៉ែត្រ បង្គោលចំរឹងចំនួន៧៣៣ដើម លូកងសាច់អួនចំនួន១៧មាត់ និងបានចាក់លែងត្រីចំរុះល្អិតៗចូលទឹកបឹងទន្លេសាបវិញទម្ងន់ចំនួន៤០គីឡូក្រាមផងដែរ ។

ក្នុងរបាយការណ៍នោះនៅ(ថ្ងៃអាទិត្យ)បានចុះអនុវត្តនៅចំណុចព្រែកក្បាលតោល និងព្រែកក្រ ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ដូចគ្នាចំនួន០៤ខ្សែ ស្មើនឹងប្រវែងចំនួន២៤០០ម៉ែត្រ បង្គោលចំរឹងចំនួន៦៥០ដើម ក្បាលបរចំនួន០៦គ្រឿង ចាក់លែងត្រីចំរុះល្អិតទម្ងន់ចំនួន១៥គីឡូក្រាមថែមទៀត ។

ប្រភពដោយឡែកមួយលើកឡើងថា លទ្ធផលដែលក្រុមសមត្ថកិច្ចអនុវត្តបាននេះ មិនសមស្របទៅនឹងបទល្មើសដែលបានប្រើប្រាសឧបករណ៍(របាំសាច់អួន និងរបាំងស្បៃមុង)ដើម្បីចាប់ត្រីគ្រប់ប្រភេទ មិនថាធំឬតូច ដែលកើតមានស្អេកស្កះខ្វែងខ្វាត់ពាសពេញផ្ទៃទឹកបឹងទន្លេសាបនោះ មិនថារដូវបិទឬបើកនេសាទនោះឡើយ ម្យ៉ាងទៀតមុនចុះបង្រ្កាបនេះបានជូនដំណឹងដល់ក្រុមប្រព្រឹត្តបទល្មើសបាត់ទៅហើយ ហើយពួកក្រុមជនប្រព្រឹត្តបានស្រាយសាច់អួនពន្លិចទឹកទៅបាតដីស្ទើរអស់ទៅហើយ រួមទាំងកាប់បង្គោលចំរឹងត្រឹមៗទឹក ដើម្បីបំភ័ន្តភ្នែកថ្នាក់មន្ទីរស្ថាប័នជំនាញប៉ុណ្ណោះ ប៉ុន្តែបើតំបន់មានព្រៃពួកគេពុំបាច់ស្រាយពន្លិចទឹកនោះទេ ព្រោះមានមន្រ្តីប្រចាំការបើកការណូតជូនជៀសអស់ឆ្ងាយបាត់ទៅហើយ ដូច្នេះគេធ្វើដើម្បីថាមិនធ្វើនោះទេ ករណីប្រភពលើកឡើងបែបនេះ អ្នកកាសែតយើងព្យាយាមរករូបភាពដែលថ្មីមកចុះផ្សាយជូនបន្ត នៅពេលសមត្ថកិច្ចផ្អាកការបង្រ្កាប ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖