ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសជាជនសង្ស័យជនជាតិចិនម្នាក់ករណីប្រើហិង្សាដោយចេតនា បន្ទាប់ពីយកដបសាំងទៅចាក់បញ្ច្រកលើសង្សាររបស់ខ្លួនដោយសារតែភ្លើងប្រចណ្ឌ។
ហេតុកាណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហ្វ័ង គួហ្វា អាយុ៥៤ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តហ្វូជៀន ប្រទេសចិន ។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ជុំ វឌ្ឍនា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពបន្តថា សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកថា នៅចំណុចភោជនីយដ្ឋានស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណីហិង្សាដោយចេតនា ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងបាននាំខ្លួនបុរសម្នាក់ជាជនជាតិចិនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដបសាំងទៅចាក់បញ្ច្រកលើជនរងគ្រោះដែលជាសង្សារប្រាកដមែន ដោយមូលហេតុប្រចណ្ឌនឹងសង្សាររបស់ខ្លួនជាមួយនឹងអ្នកផ្សេង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត រីឯជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ សុថាន