ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដឹកកូនមកលោតទឹកលើស្ពានជ្រោយចង្វាដោយសារតូចចិត្តរឿងប្រពន្ធមកធ្វើការនៅភ្នំពេញអស់រយៈពេលជាច្រើនខែមិនត្រឡប់ទៅផ្ទះ

ចែករំលែក៖

ភ្នំពេញ​៖​  បុរស​ម្នាក់​តូច​ចិត្ត​ប្រពន្ធ​រត់​ចោល​មកធ្វើ​ការ​នៅ​ភ្នំពេញ​មិន​ឃេីញ​ត្រលប់​ទៅ​ផ្ទះវិញ​ តូច​ចិត្ត​ផឹក​ស្រា​ថ្នាំ​អស់​មួយដប ពេលស្រវឹង​ក៏លួចម៉ូតូពូ​ជិះឌុបកូនប្រុសអាយុ៣ឆ្នាំមកលោតទឹកនៅស្ពាន​ជ្រោយ​ចង្វាផ្អេីល​សមត្ថកិច្ច​ជួយ​ធ្វើអន្តរាគមន៍​ឃាត់ទាន់​ពេល​វេលា។  

    ហេតុការណ៍​នេះ​បាន​កើត​ឡេីង​កាល​ពី​វេលាម៉ោង​១០:២០នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​លេី​ស្ពាន​ជ្រោយចង្វា​ថ្មី​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ 

    បុរស​ដែលជិះ​ម៉ូតូ​ឌុប​កូន​មក​លោត​ទឹក​​នោះ​មាន​ឈ្មោះ​ ខុន​ អាយុ៣០ឆ្នាំ​ មុខ​របរ​ កសិករ​ ចំណែក​ប្រពន្ធ​ឈ្មោះ​ ទុំ​ ជាបុគ្គលិក​ហាង​ ស្នាក់នៅ​ភូមិ​ខ្ពប​ ឃុំខ្ពប​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល អ្នកទាំង​ពីរ​នាក់​មានកូនប្រុស២នាក់​ក្នុង​បន្ទុក​គ្រួសារ​។ 

    ប្រភព​ពី​បុរស​ខាង​លើ​បាន​ប្រាប់​អោយ​ដឹងថា​ ប្រពន្ធ​របស់​គាត់​បាន​ចេញ​ពីស្រុក​មក​ធ្វេី​ការ​នៅ​ភ្នំពេញ​ ម្តុំ​ផ្លូវ​OCIC  ជ្រោយចង្វា​អស់​រយៈ​ពេល​ជិត​មួយ​ខែ​ មិនឃើញ​ត្រលប់​ទៅ​ផ្ទះវិញ​ទេ​ ហេីយ​ប្រពន្ធ​គាត់​បាន​ប្រាប់​ថាមក​ធ្វេី​ជាបុគ្គលិក​លាង​ចាន​ ប៉ុន្តែ​ពេល​គាត់​សួរ​នាំ​អ្នក​ស្គាល់​ គ្នាទេីប​ដឹងថា​ប្រពន្ធ​គាត់​កុហក​ ដោយ​គាត់​មិន​ដឹង​ថា​ធ្វើ​ការ​អ្វី​អោយ​ពិតប្រាកដ​នោះ​ទេ​ ។   ពេល​គាត់​ហៅ​ប្រពន្ធ​ត្រលប់​ទៅ​ផ្ទះ​វិញ​ ប្រព​ន្ធ​គាត់​មិនព្រម​ត្រលប់ទៅវិញ​ទេ និង​ថែមទាំង​ផ្តាច់​ការ​ទាក់ទង​ តាមទូរស័ព្ទទៀត ទេីប​នៅ​ថ្ងៃ​កេីត​ហេតុ​ នេះគាត់​បាន​ផឹក​ស្រា​ថ្នាំ​អស់​១ដប​ស្រវឹង​ស្រឿងៗ​ ក៏លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​គុប​ ស៊េរីចាស់​របស់​ពូ​ដែលចត​នៅ​មុខផ្ទះ​ដឹកកូនប្រុស​តូច​អាយុ​៣ឆ្នាំ​ក្នុងគោលបំណង​មកលោត​ទឹក​សម្លាប់​ខ្លួន​ពីលេី​ស្ពាន​ជ្រោយចង្វា​ ។ 

    សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹងថា  បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់ គាត់ក៏បាន​ឡើង​ទៅ​កន្លែង​កេីត​ហេតុ​ឃេីញ​បុរស​ខាង​លើ​ បម្រុង​លេីក​កូន​ប្រុស​តូច​អាយុ​៣ឆ្នាំ​ដែលមាន​របួសរយះកែង​ជេីង​ខាង​ស្តាំ​លោត​ទឹក​សម្លាប់​ខ្លួន​ តែភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្រះចក​ បាន​ចូលទៅអន្តរាគមន៍ឃាត់​និង​នាំ​ចុះ​មកខាង​ក្រោម​គល់​ស្ពាន​ខាង​កេីត​ត្រង់ចំណុច​រង្វង់​ព្រហ្ម​មុខ​បួន​ដើម្បីធ្វើ​ការ​សួរ​នាំ​ ។ 

    បន្ទាប់​ពី​ស្តាប់​មូលហេតុ​របស់​បុរស​ខាង​លេី​នោះ​រួច​មក​  សមត្ថកិច្ចក៏​​បាន​និយាយ​ពន្យល់​ណែនាំ​និង​លេីក​ទឹក​ចិត្ត​រហូត​បុរស​នោះយល់​ ហើយសន្យា​មិនធ្វើ​បែបនេះទៀតទេ​ ។ បន្ទាប់មកសមត្ថកិច្ច​បាន​ជូន​លុយ​មួយ​ចំនួន​អោយបុរស​ខាង​លើ​ដេីម្បី​ទិញ​ថ្នាំលាបរបួសជេីង​កូន​ប្រុស​ផងដែរ។

   បន្ទាប់មកសមត្ថកិច្ចបានធ្វើការទាក់ទងទៅរកសាច់ញាតិដើម្បីមកទទួលបុរសរូបនេះជាមួយនឹងកូនប្រុសអាយុ 3 ឆ្នាំនេះដើម្បីយកត្រឡប់ទៅផ្ទះវិញ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖