ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា : លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ០១នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ី០១កន្លែងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានលោក ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅមកបំភ្លឺ!
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា៖ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកទៅលើករណីមានលោកអធិការរងគរបាលខណ្ឌច្បារអំពៅ ០១នាក់ គឺលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលមានជម្លោះជាមួយប្រជាពលរដ្ឋឈ្មោះ ពៅ ចន្ទតារាពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងការចោទប្តឹងពីគូរទំនាស់ឈ្មោះ ពៅ ចន្ទតារាពេជ្រពីបទហិង្សានិងគម្រាម ឱ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យបុគ្គលិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
បើយោងតាមការបំភ្លឺពីលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា និងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកវសេនីយ៍ទោពេជ្រ សុគន្ធារ៉ា បានចប់ម៉ោងការងារហើយទៅផឹកស៊ីជាមួយមិត្តភក្តិ ក៏បាននាំឱ្យមានទំនាស់ជាមួយប្រជាពលរដ្ឋ ។ដោយពិនិត្យឃើញការខុសឆ្គងរបស់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ាបែបនេះ ការិយាល័យបុគ្គលិកសុំគោលការណ៍ពីឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់សាមីខ្លួនធ្វើកិច្ចសន្យា ព្រមានជាលើកទី១ ហើយបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កះពាល់កិត្តិយសនគរបាលជាតិ៕
ដោយ ៖ សហការី