សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះបានផ្សាយថា អ្នកការទូតជាន់ខ្ពស់កាណាដាម្នាក់ត្រូវបានបង្គាប់ឱ្យចាកចេញពីប្រទេសឥណ្ឌា ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងអូតាវ៉ាបានប្រកាសបណ្តេញអ្នកការទូតឥណ្ឌាម្នាក់ចំពេលដែលភាពតានតឹងហាក់កំពុងកើនឡើងកម្តៅ ជុំវិញករណីឃាតកម្មលើសកម្មជន Sikh ម្នាក់ កាលពីប៉ុន្មានខែកន្លងទៅ។
ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ការសម្រេចចិត្តខាងលើរបស់ទីក្រុងញូវដែលី បានឆ្លុះបញ្ចាំងអំពីការកើនឡើងនៃក្តីបារម្ភចំពោះការលូកលាន់ជ្រៀតជ្រែកពីសំណាក់ក្រុមអ្នកការទូតរបស់កាណាដាមកលើកិច្ចការផ្ទៃក្នុងរបស់យើង ហើយនិងការចូលរួមពាក់ព័ន្ធរបស់ពួកគេក្នុងសកម្មភាពដែលប្រឆាំងនឹងប្រទេសឥណ្ឌា»។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងសកម្មនូវការសង្ស័យអំពីការជាប់ទាក់ទងគ្នា រវាងភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា ជាមួយនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនជនជាតិភាគតិចស៉ីគ (Sikh) នៅខេត្ត British Columbia ប្រទេសកាណាដា កាលពីខែមិថុនាកន្លងទៅ។ ទីក្រុងញូវដេលីបានច្រានចោលការចោទប្រកាន់របស់កាណាដា ជារឿងមិនសមហេតុផលនិងមានចេតនាមិនល្អ ហើយបានទទូចឱ្យទីក្រុងអូតាវ៉ាងាកទៅរកវិធានការផ្លូវច្បាប់ប្រឆាំងនឹងចលនាប្រឆាំងប្រទេសឥណ្ឌា ដែលធ្វើប្រតិបត្តិការចេញពីទឹកដីរបស់ខ្លួន។
លោក ហាឌីប សាញ នីចចា (Hardeep Singh Nijjar) អាយុ ៤៥ឆ្នាំត្រូវគេបាញ់សម្លាប់កាលពីថ្ងៃទី១៨ ខែមិថុនា នៅឯជាយក្រុងវេនខូវឺ (Vancouver) នៃខេត្តប្រ៊ីដធីស កូឡុំប៊ៀ (British Columbia) ជាទីដែលមានជនជាតិភាគតិចស៉ីគរស់នៅច្រើន។ លោក នីចចា បានដឹកនាំក្រុមនេះក្នុងទម្រង់ជារដ្ឋឯករាជ្យមួយ ដែលឥណ្ឌាចាត់ទុកថាជាក្រុមភេរវករ នៅក្នុងខែកក្កដា ឆ្នាំ២០២០៕ ដោយ៖ ធីរីណា

រូបថត៖ Reuters
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច