ព័ត៌មានទាន់ហេតុការណ៍៖

ពស់ស្រកាចាស់ចឹកបុរសម្នាក់ទៅឆក់ត្រីបណ្តាលឱ្យស្លាប់នៅវាលស្រែ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់កណ្តាលវាលស្រែនៅវេលាម៉ោង២និង១៧នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចវាលផ្លុកចារ ចម្ងាយ៦០០០ម៉ែត្រ ខាងលិចភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ   ។

នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ភាក់ សំណាង អាយុ២៨ឆ្នាំ ភេទប្រុស នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ  ។ បើតាមការបំភ្លឺពីឈ្មោះ ភាក់ ស្រីផាត់ អាយុ៣១ឆ្នាំ នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ត្រូវជាបងស្រីបង្កើត) របស់សពបានប្រាប់ថា ប្អូនរបស់គាត់បានចេញទៅឆក់ត្រីនៅម៉ោងប្រហែល៧យប់ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣ពុំឃើញមកផ្ទះវិញ ហើយបងប្អូនក៏បានដើរកតែរកមិនឃើញ លុះមកដល់វេលាម៉ោង២និង១៧នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្ណាំ២០២៣ ទើបរកឃើញសពស្លាប់នៅក្នុងវាលស្រែ ។

    នគរបាលបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសពនិងកន្លែងកើតហេតុ ហើយបានរកឃើញសត្វពស់ស្រកាចាស់០១ក្បាលនៅក្បែរជើងសពនិងមានសម្ភារដូចជាអាគុយ៤០អំពែរចំនួន១គ្រឿង កែវជួតបំភ្លឺចំនួន១ ម៉ូទ័រឆក់ត្រីចំនួន១គ្រឿង ដងឆក់ត្រីដើមឫស្សីចំនួន២ កន្ត្រកកាវចំនួន១ ក្រង់សម្រាប់ដាក់ត្រីចំនួន១មានកូនត្រីផ្ទក់ចំនួន៩ក្បាលនៅក្នុងនោះ ។ ក្នុងការត្រួតពិនិត្យនេះឃើញមានស្លាកស្នាមលើ កជើងខាងស្តាំប្រវែង៥ស.ម.មានឈាមហូរៗជាស្នាមចង្គូមពស់ខាំ ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទាក់ទងនឹងឃាតកម្មឡើយ។ ដូច្នេះការស្លាប់របស់ជនរងគ្រោះគឺដោយសារពស់ស្រកាចាស់ចឹក ដោយគ្មានអ្នកណាបានដឹងនិងជួយសង្រ្គោះ។ សពក្រោយពីត្រួតពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណា


ចែករំលែក៖