ព័ត៌មានទាន់ហេតុការណ៍៖

អំណាចសាលក្រមកំបាំងមុខ ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ យកទៅឃុំខ្លួនដើម្បីអនុវត្តទោស២ ឆ្នាំ ពីបទ.ឆបោក លក់ដីខ្យល់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានសហការធ្វើការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្នេត ឯ.ក ដើម្បីយកទៅឃុំខ្លួនអនុវត្តទោស២ឆ្នាំ តាមអំណាចសាលក្រមកំបាំងមុខ របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។ 

ជនជាប់ចោទមានឈ្មោះ ញឹម ខេមរៈ ភេទប្រុស អាយុ៣៦ ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្នេត ឯ.ក មានទីលំនៅផ្ទះលេខ១៦០ ផ្លូវលំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

តាមសាលក្រមកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ហេតុដូច្នេះវិនិច្ឆ័យសេចក្តី ១.ផ្តន្ទាទោសឈ្មោះ ញឹម ខេមរៈ ដាក់ពន្ធនាគារកំណត់០២ ឆ្នាំ ពីបទ.ឆបោក មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្ទះលេខ២ឃ ផ្លូវសឡា ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា   និង ៣៨០ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមបានបង្គាប់ឲ្យជនជាប់ចោទឈ្មោះ ញឹម ខេមរៈ សងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី ៖

១.ឈ្មោះ វង រតនៈ ចំនួន ៧ ៤២០ ដុល្លារអាមេរិក និងជម្ងឺចិត្ត ចំនួន៦ លានរៀល ។

២.ឈ្មោះ វង កក្កដា ចំនួន ៣ ៧៥០ ដុល្លារអាមេរិក និងជម្ងឺចិត្តចំនួន ៣លានរៀល ។

៣.ឈ្មោះ ប៊ិន ហោវៃឡាក់គី ចំនួន ២ ០០០ ដុល្លារអាមេរិក និងជម្ងឺចិត្ត ចំនួន១ លានរៀល ។ ការទាមទារលើសពីនេះត្រូវច្រានចោល ។ សម្រេចចេញបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទឈ្មោះ ញឹម ខេមរៈ ដែលជាអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្នេត ឯ.ក ដោយអនុវត្តតាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ សាលក្រមជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំបាំងមុខជនជាប់ចោទឈ្មោះ ញឹម ខេមរៈ ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ហើយបានប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។ សាលក្រមបានទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ក្រោយឃាត់ខ្លួនសមត្តកិច្ចបាននាំជនជាប់ចោទ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ហើយបើតាមមន្ត្រីនគរបាលយុត្តិធម៍ បានចុះទៅអនុវត្តតាមអំណាចសាលក្រមនោះបញ្ជាក់ថា ជនជាប់ចោទជាអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ ពាក់ព័ន្ធករណី លក់ដីខ្យល់ និងត្រូវបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖