ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាកJeep ពាក់ផ្លាកលេខនគរបាលបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់និងក្រពឹតបង្គោលភ្លើងមួយដើម រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកJeepមួយគ្រឿងពាក់ផ្លាកលេខនគរបាល ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយកង់និងក្រពឹតបង្គោលភ្លើងមួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។

​    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧៣កែងនឹងផ្លូវ លេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​     បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJeep ពណ៌ខ្មៅ​ ពាក់ផ្លាកលេខនគរបាល 2-1984 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧៣ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ៥១៦បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយកង់ និងក្រពឹតបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាងកាត់ទទឹងផ្លូវរងការខូចខាតយ៉ាងដំណំ​ តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖