ភ្នំពេញ ៖ យើងមានការរៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ សូមចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ យើងមានការរៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។
សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕
ដោយ ៖ សហការី