ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តសហការចះុអនុវត្តត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងដែន។ ជាក់ស្ដែងសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ ជាអ្នកបេីកបររថយន្ត ០២នាក់ និងអ្នកបើកបរម៉ូតូ ០៣នាក់ មានផ្ទុកសារធាតុញៀន។
យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងអង្គភាព សហការជាមួយអង្គភាពពាក់ព័ន្ធមាននគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេនីយ៍ឯកសន និល ជាអធិការមានកម្លាំងកងរាជអាវុធហត្ថ សមត្ថកិច្ចអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានវត្តមានលោក ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះអនុវត្តត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលេខ ៥៧ ក្រុមទី១៧ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងនោះគឺ៖
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលកម្លាំងជំនាញ បានត្រួតពិនិត្យរថយន្តសរុបចំនួន ៥៦៩ គ្រឿង មនុស្ស៨២០នាក់ស្រី៣២៥ និងម៉ូតូ ៧០គ្រឿងមនុស្ស១២៧នាក់ស្រី៥១នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមបានចំនួន ៥៦៦នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ (ប្រុស) ជាអ្នកបេីកបររថយន្ត ០២នាក់ និង អ្នកបើកបរម៉ូតូ ០៣នាក់ មានផ្ទុកសារធាតុញៀនហេីយបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ក្រៅពីនោះសមត្ថកិច្ចមិនបានរកឃេីញអ្វីផ្សេងគួរឱ្យកត់សម្គាល់នោះឡេីយ៕
ដោយ៖ សហការី