ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូលឿនជ្រុលទៅបុកក្បាលរថយន្តដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលនិងបង្គោលភ្លេីងស្លាប់ភ្លាមៗ កាលពីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នៅនៅចំណុចមុខអនុវិទ្យាល័យព្រៃវែង ផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចសុីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BP .7833 ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុរថយន្តទាញចង្កូចបត់ឆ្វេងដៃឆ្លងផ្លូវក៏ត្រូវយុវជនម្នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AB.0403 យ៉ាងលឿនវ៉ាជែងឆ្វេងដៃបណ្តាលបុកចំក្បាលរថយន្តធ្វើឱ្យម៉ូតូខ្ទាតទៅម្ខាង រីឯយុវជនម្ចាស់ម៉ូតូបានបោកក្បាលជាមួយបង្គោលភ្លើងស្លាប់ភ្លាមៗចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅទីតាំងកើតហេតុ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានរួមសហការណ៍ជាមួយនគរបាលចរាចរណ៍នៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើការវាស់វែងប្រគល់ម៉ូតូនិងរថយន្តទៅឱ្យការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ