ព័ត៌មានទាន់ហេតុការណ៍៖

ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចប្រជុំបានធ្វើឡើងតាំងពីវេលាម៉ោងប្រមាណ៨ព្រឹក រហូតដល់វេលា ម៉ោង២រសៀល។

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃពុធ ៦កើត ខែភទបទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ 

នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨និង១០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖ 

១- របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្ត មុនដំណាច់ឆ្នាំ២០២៣

បន្ទាប់ពីមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំ សម្របសម្រួល និងចូលរួមរៀបចំនូវយន្តការអនុវត្ត ហិរញ្ញប្បទាននិងការងារពាក់ព័ន្ធផ្សេងទៀត នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ យន្តការសម្រាប់អនុវត្តកម្មវិធីទាំងអស់នេះ ត្រូវបានរៀបចំរួចស្រេចបាច់។

កម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ 

កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, 

កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, 

កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, 

កម្មវិធីទី(៤) ការដាក់ចេញនិង ការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ ,

កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញបទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិត ,

កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដ៏សំគ្រួសារ កសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។

សូមអានទាំងស្រុង នូវខ្លឹមសារ ការចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដូចខាងក្រោម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖