ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មុខសញ្ញាចោរលួចកាច់.កម៉ូតូ​ ,ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ និងអ្នក​ទទួល​ផលចោរកម្ម ៤នាក់​ ជាបន្តបន្ទាប់​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​នគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា​ ​មុខសញ្ញាចោរលួចកាច់.កម៉ូតូ​ ,ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ និងអ្នក​ទទួល​ផលចោរកម្ម ៤នាក់​ ត្រូវ​បានកម្លាំងជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​​ជាបន្តបន្ទាប់​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

យោង​តាម​របាយការណ៍​របស់​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣៖៣០នាទី លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហ៊ួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានជិះល្បាតតាមដងផ្លូវ ក៏បានប្រទះឃេីញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាក់លេខប៉ៃលិន1C-8935 បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះជាជនជាតិចិន បានសម្រេចត្រង់ចំណុចផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន1C-8935។ ម៉ូតូនេះជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់ក កាលពីពេលកន្លងទៅថ្មីៗនេះ ហើយបន្ដយកមកជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំជនរងគ្រោះឈ្មោះ WANG JIN NAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មកដាក់ពាក្យបណ្ដឹងនៅការិយាល័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវដេីមត្រាំង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្រោយបានចម្លើយសារភាព ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចជំនាញបានបន្ដទៅឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យ និងបានប្រទះឃើញសោសម្រាប់កាច់កម៉ូតូចំនួន២បន្ថែមទៀត។

រហូតដល់ថ្ងៃទី២០ ខែ​កញ្ញា​ ឆ្នាំ២០២៣នេះ វេលាម៉ោង ១៥៖៣០នាទី​ កម្លាំង​ជំនាញការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល អធិការដ្ឋានស្រុកស្អាង បាននាំជនសង្ស័យឈ្មោះ លឹម ធារ៉ា ចង្អុលបង្ហាញមុខសញ្ញាដែលទទួលផលចោកម្ម ឃាត់ខ្លួនបានត្រង់ចំណុចភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣នាក់៖

*ទី១៖ ឈ្មោះ នុត នន់ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល, ទី២៖ ឈ្មោះ មាំង ម៉ាប់ អាយុ២០ឆ្នាំ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៣៖ឈ្មោះ តុល ភា អាយុ៣១ឆ្នាំ ស្នាក់ភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្ភារៈដកហូត​ម៉ូតូចំនួន២គ្រឿង ម៉ាក​ Honda Dream C125 ពណ៌ខ្មៅ​ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខតាកែវ1C-5710 និងម៉ាក Honda Cub ពណ៍ទឹកប៊ិច ពាក់ផ្លាកលេខតាកែវ1B-8767។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាននាំជនសង្ស័យខាងលើ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែកញ្ញា​នេះ​ ត្រូវ​បានបញ្ជូនខ្លូនមកនាយកដ្ឋាន ​ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​៕

ដោយ​៖សហការី​


ចែករំលែក៖