ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មកូរ៉េខាងជើងដែលមានទំនាក់ទំនងលក់អាវុធទៅក្រៅប្រទេស

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា កូរ៉េខាងត្បូងបានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតទៅលើបុគ្គលចំនួន១០រូប ព្រមទាំងអង្គភាពចំនួន២ ក្រោមការជាប់ពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែរនិងការធ្វើពាណិជ្ជកម្មសព្វាវុធរបស់កូរ៉េខាងជើងជាមួយប្រទេសចំនួន៣ រួមមានទាំងរុស្ស៉ីផងដែរ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើងនិងប្រមុខកងទ័ពរបស់កូរ៉េខាងជើងគឺស្ថិតនៅក្នុងចំណោមក្រុមបុគ្គលដែលជាប់ទណ្ឌកម្មថ្មីខាងលើ ខណៈដែលការដាក់ទណ្ឌកម្មថ្មីនេះជាការឆ្លើយតបចំពោះសកម្មភាពខុសច្បាប់ផ្សេងៗរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សហគមន៍អន្តរជាតិ ក៏ដូចជាដល់សុខសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង ទណ្ឌកម្មដែលដាក់លើមន្រ្តីជាន់ខ្ពស់យោធាកូរ៉េខាងជើងគឺឆ្លើយតបទៅនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ-មីស៉ីលបាលិស្ទីគរបស់ទីក្រុងព្យុងយ៉ាង។ ទន្ទឹមគ្នានេះ ទីក្រុងសេអ៊ូលក៏ដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គលនិងអង្គភាពមួយចំនួនទៀតពាក់ព័ន្ធជាមួយសកម្មភាពធ្វើពាណិជ្ជកម្មសព្វាវុធជាមួយប្រទេសចំនួន៣ផងដែរ ដែលរួមមានទាំងរុស្ស៉ីផងដែរ។
ការប្រកាសទណ្ឌកម្មថ្មីខាងលើធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះថា វានឹងត្រូវចាត់ទុកជាការបង្កហេតុដោយផ្ទាល់ ប្រសិនបើរុស្ស៉ីជួយកូរ៉េខាងជើងពង្រឹងកម្មវិធីមីស៉ីល-នុយក្លេអ៊ែរ ជាថ្នូរនឹងការជួយពីទីក្រុងព្យុងយ៉ាងសម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ កាលពីសប្តាហ៍កន្លងទៅនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានចំណាយពេលជាច្រើនថ្ងៃបំពេញទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៉ី ហើយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន៕

ដោយ៖ ធីរីណា(រូប​ថត​៖ KCNA)


ចែករំលែក៖