ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកមុិញ ! មានបាតុភូតកម្រ ថ្ងៃសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រងចាំទស្សនាយ៉ាងច្រើន !

ចែករំលែក៖

ភ្នំពេញ ៖ រូបភាពនៅប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រងចាំទស្សនា បាតុភូតកម្រ ថ្ងៃសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ដែលមួយឆ្នាំមានតែ២ដងទេ យ៉ាងច្រើនកុះករ ហាក់ដូចជាអច្ឆរិយៈបំផុត លើទឹកដីអង្គរ ដ៏បវរផូរផង់របស់ជាតិខ្មែរ ។ 

សូមបញ្ជាក់ថា : ពាក់ព័ន្ធករណីមានបាតុភូតកម្រ ថ្ងៃសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹង ស្ដីពី ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង០៥:០០នាទី ដល់ម៉ោង ០៧:០០នាទីព្រឹក។

ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។ “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor តែងតែ កើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ជាក់ស្ដែងក្នុង ឆ្នាំ២០២៣នេះ“ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor លើកទី១ក្នុងខែមឹនា(ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទចំតែម្តង) មានអ្នកចូលរួមទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យនៃពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើននាក់ផងដែរ ។ សូមគូសបញ្ជាក់ផងដែរថា ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងកំឡុង “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទ អង្គរ Equinox Angkor ផងដែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ- សម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក “ព្រឹត្តិការណ៍ សមរាស្រ្តនៅប្រាសាទអង្គរ – Equinox Angkor– លើកទី២ ឆ្នាំ២០២៣ នេះ ត្រូវបានគេរំពឹងថានឹងកើតមានឡើងនៅ ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០ នាទី ដល់ម៉ោង ៧០០ នាទីព្រឹក៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖