ព័ត៌មានទាន់ហេតុការណ៍៖

សត្វពង្រូល ជាប្រភេទថនិកសត្វជិតផុតពូជបំផុត ដែលត្រូវបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមការបញ្ជាក់ពីមន្ត្រីអង្គការ USAID មរតកបៃតង​ បានឱ្យដឹងថា​ សត្វពង្រូល គឺជាប្រភេទថនិកសត្វជិតផុតពូជបំផុត ដែលត្រូវបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពង្រូលជាសត្វមានអណ្តាតវែងស្អិត ដែលអំណោយផលយ៉ាងល្អ ក្នុងការចាប់យកសត្វស្រមោច, កណ្តៀរ, និងសត្វល្អិតដទៃទៀតជាអាហារ បានយ៉ាងងាយស្រួល ដោយវាស៊ីសត្វល្អិតដល់ទៅ៧០លានក្នុងមួយឆ្នាំ។

ជាក់ស្ដែង​មន្ត្រីអង្គការ USAID មរតកបៃតង បានគូសបញ្ជាក់កាលពីថ្ងៃទី២១​ កញ្ញា​ម្សិលមិញ​នេះថា​៖ ជាធម្មតាកូនសត្វពង្រូលតោងកន្ទុយមេរបស់វា រយៈពេលបីខែដំបូង រហូតដល់កូនពង្រូលដុះស្រការឹងមាំ។ តើអ្នកដឹងទេថា សត្វពង្រូលក៏អាចហែលទឹកឆ្ងាយៗបានយ៉ាងល្អផងដែរ។

មន្រ្តីជំនាញ​ បានបញ្ជាក់បន្ថែមថា​ តួខ្លួនរបស់សត្វពង្រូល គ្រប់ដណ្តប់ទៅដោយស្រកាដ៏ក្រាស់ ដែលផ្តល់ជាខែលសម្រាប់ការពារខ្លួនរបស់វាផងដែរ។ នៅពេលដែលវាទទួលរងការវាយប្រហារ សត្វពង្រូលតែងរមួលខ្លួនឱ្យមានរាងមូលដូចជាបាល់ ដើម្បីការពារពោះរបស់វាដែលជាចំណុចងាយរងគ្រោះ ហើយស្រការបស់វាបានធ្វើជាខែលដ៏រឹងមាំ ដើម្បីការពារខ្លួនពីសត្វប្រមាញ់ផ្សេងៗ ដូចជាខ្លារខិន ជាដើម។ ប៉ុន្តែយុទ្ធសាស្ត្រការពារខ្លួនបែបនេះ បានធ្វើឱ្យសត្វពង្រូលបែរជាងាយរងគ្រោះ ពេលជួបមនុស្សទៅវិញ ដោយមនុស្សអាចចាប់រើសវាបានយ៉ាងងាយ នៅពេលគេប្រទះឃើញវា កត្តានេះក៏បានធ្វើឱ្យសត្វពង្រូលងាយរងគ្រោះជាងគេ ក្នុងការជួញដូរសត្វព្រៃ៕

ប្រភព៖​ អង្គការ​ USAID មរតកបៃតង


ចែករំលែក៖