ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនប្រទេសកូឡុំប៊ីសម្រាប់រយៈពេល៣ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រោយសង្គ្រាមស៊ីវិលជាង៥០ឆ្នាំកន្លងមក បច្ចុប្បន្នប្រទេស និងប្រជាជន នៃសាធារណរដ្ឋកូឡុំប៊ី បាននិងកំពុងប្រឈមទៅនឹងបញ្ហា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ជាមួយនោះ ដើម្បីពង្រឹងសមត្ថភាពជូនមន្ត្រីជំនាញសកម្មភាពកម្ចាត់មីនកូឡុំប៊ី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) នឹងផ្ដល់ការហ្វឹកហ្វឺន ដែលមានរយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ក្រោមគ្រោងឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីបញ្ហាប្រឈម ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននៅក្រុងសៀមរាប ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បង្ហាញថា រយៈពេល ១សប្ដាហ៍ នៃការបំពេញទស្សនកិច្ចសិក្សា របស់មន្រ្តីជំនាញវិស័យមីននៃសាធារណរដ្ឋកូឡុំប៊ី នៅប្រទេសកម្ពុជា ពួកគេបានស្វែងយល់ពីស្ថានភាពចម្ការមីន និងប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពCMAC ព្រមទាំងចុះទៅដល់ចម្ការមីន ដែលអង្គភាព CMAC កំពុងប្រតិបត្តិការដោយផ្ទាល់ ដែលមានទីតាំងក្នុងខេត្តពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងដំណើរស្វែងយល់ស្ថានភាពចម្ការមីន និងប្រតិបត្តិការបោសសម្អាតមីននេះ មានការចូលរួមពី ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន(JICA) និងអង្គភាពមួយចំនួនរបស់ប្រទេសកូឡុំប៊ី ដូចជាកងទ័ពជើងគោក កងទ័ពជើងទឹក មន្រ្តីមកពីការិយាល័យប្រធានាធិបតីដើម្បីសន្តិភាព(OACP) និងអង្គការOAS និងមន្រ្តីជាន់ខ្ពស់មួយរូបមកពីប្រទេសប្រេស៊ីលផងដែរ។

សូមរំលឹកថា ក្រោមការសម្របសម្រួល និងគាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន អង្គភាពCMAC  ធ្លាប់បានផ្តល់ការហ្វឹកហ្វឺនជំនាញវិស័យសកម្មភាពមីន ដល់មន្រ្តីជំនាញវិស័យមីននៃប្រទេសកូឡុំប៊ីចំនួន២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលទី១ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ មានចំនួន៣វគ្គ និងដំណាក់កាលទី២ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដែលមានចំនួន៧វគ្គ និងមានសិក្ខាកាមសរុបចំនួន ១៧៥នាក់៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖