ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី២៣ ខែកញ្ញាស្អែកនេះតទៅ ,ដូច្នេះសូមបេីកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបានថ្លែងឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះយ៉ាងដូច្នេះថា៖ មុនឈានដល់ការអនុវត្តវិធានការច្បាប់ចំពោះអ្នកបើកល្មើសច្បាប់ចរាចរណ៍នេះ កម្លាំងនគរបាលចរាចរណ៍បានប្រើប្រាស់ពេល១សប្ដាហ៍ ដើម្បីធ្វើការអប់រំចំពោះអ្នកល្មើសច្បាប់ និងជូនដំណឹងពីការអនុវត្តនេះជាមុនផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ រូបនេះបានថ្លែងយ៉ាងដូច្នេះថា «ព្រឹកស្អែក ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចាប់ផ្ដើមហើយ។ ស្នងការនឹងចាំតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តច្បាប់នេះរបស់មន្ដ្រី តែសូមមហាជនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា»។
យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល០៦ខែ នៃឆ្នាំ២០២៣ និងរយៈពេល០៦ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅមានការថយចុះ គួរឲ្យកត់សម្គាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្ត ដើម្បីកុំឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល យល់ច្រឡំហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស៕
ដោយ៖ ស តារា