ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ចាត់ឱ្យមន្រ្តីជំនាញ​ ចុះណែនាំដល់ម្ចាស់ទីតាំងផែចំណត និងម្ចាស់ទូកយន្តដឹកភ្ញៀវទេសចរស្តីពីអាកាសធាតុប្រែប្រួល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានចាត់ឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចុះណែនាំដល់ម្ចាស់ទីតាំងផែចំណត និងម្ចាស់ទូកយន្តដឹកភ្ញៀវទេសចរឱ្យចូលរួមស្តាប់តាមការណែនាំស្តីពីអាកាសធាតុប្រែប្រួល។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក តំបន់មាត់សមុទ្រចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។ 

សូមជម្រាបជូនថា​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅម៉ោង៧ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តាស្ថានីយជលសាស្រ្ត។

ជាមួយគ្នានោះ ក្រសួងបានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់៕

ដោយ​៖សហការី​


ចែករំលែក៖