ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមចំណុះនាយកដ្ឋានរដ្ឋបាលសរុប ក្រោមអធិបតីភាព លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយរង ប្រធាននាយកដ្ឋានស្តីទី អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទជាច្រើនរូបផងដែរ។
លោក សួស ប្រាថ្នា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះគឺធ្វើឡើងដើម្បីសំណេះសំណាល និងស្ដាប់របាយការណ៍លើសមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងាររបស់នាយកដ្ឋានរដ្ឋបាលសរុបចំណុះអគ្គនាយកដ្ឋានរដ្ឋបាល។ ឯកឧត្តម បានគូសបញ្ជាក់ថា នាយកដ្ឋានរដ្ឋបាលសរុបគឺជាឆ្អឹងខ្នង និងដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការជូនអគ្គនាយកដ្ឋានក្នុងការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗគួរជាទីមោទនៈ ដូចជាការគ្រប់គ្រង និងចាត់ចែងឯកសារ ការរៀបចំកិច្ចប្រជុំបដិសណ្ឋារកិច្ច ទំនាក់ទំនងការងារសាធរណៈ កិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ជាពិសេសកិច្ចការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានារបស់អគ្គនាយកដ្ឋាន។
លោក ឆាង វ័យ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានលើកឡើងថាកិច្ចប្រជុំសំណេះសំណាលនាពេលនេះ គឺជាឱកាសដ៏កម្រដែលបានផ្ដល់កិត្តិយស និងជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះនាយកដ្ឋានក្នុងការបំពេញការងារផងដែរ។ ក្នុងកិច្ចប្រជុំនោះ លោកប្រធាននាយកដ្ឋានក៏បានធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររបស់នាយកដ្ឋានជូនអង្គប្រជុំ ក្នុងនោះក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់បំពេញការងារដោយចិត្តស្មោះសររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃនាយកដ្ឋានរដ្ឋបាលសរុប។
លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានបង្ហាញក្ដីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានគ្រប់លំដាប់ថ្នាក់នឹងនៅតែបន្តកិច្ចខិតខំទាំងអស់គ្នា រួមគ្នាគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ ព្រមទាំងការរិះរកមធ្យោបាយ និងវិធីសាស្ត្រថ្មី ដើម្បីសម្រេចឲ្យបានស្នាដៃថ្មីបន្តទៀត និងកសាងនូវសមិទ្ធផលការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕
ដោយ៖ សហការី