ភ្នំពេញ ៖ បុរស ស្ត្រី ប្ដីប្រពន្ធ២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២៣នេះ ដាក់ពន្ធនាគារកំណត់១០ឆ្នាំក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធនិងអំពើឃាតកម្មសម្លាប់មនុស្សកាត់ក្បាល ។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះ ទី១-ឈ្មោះពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ជនជាប់ចោទទី២-ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្អូនជីដូនមួយរបស់សព និងត្រូវជាប្រពន្ធរបស់ជនដៃដល់ឈ្មោះពេជ្រ ជីវ័ន្ត) ជនជាតិខ្មែរកម្ពុជាក្រោម។
ជនត្រូវចោទទាំង២នាក់ប្តីប្រពន្ធ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ាន់ រី (Danh Ri) ហៅខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរជាងចាក់សាក់ មានលំនៅ ភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម។
ពាក់ព័ន្ធនិងអំពើឃាតកម្មនោះ មន្ត្រីជំនាញបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនដៃដល់ឈ្មោះពេជ្រ ជីវ័ន្ត បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ ដាច់កពិតមែន ដោយសារតែភ្លើងប្រចណ្ឌ ព្រោះជនរងគ្រោះបានលួចទាក់ទងជាមួយប្រពន្ធរបស់ខ្លួន ទើបខ្លួនបានរៀបគម្រាងសម្លាប់ជនរងគ្រោះចោលតែម្តង។
កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅត្រង់មុខកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ក្នុងអំពើឃាតកម្ម ដោយជនសង្ស័យកាប់ចំកំភួនជើងខាងស្តាំ និងក្បាលពីលើ ហើយកាប់ដាច់កតែម្ដង ៕
ដោយ រ៉ារ៉ា