ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ចេញសេចក្ដីជូនដំណឹង ខណៈទឹកស្ទឹងពោធិ៍សាត់ កំពុងជន់លិចហួសកំរិតប្រកាសអាសន្ន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្ដីជូនដំណឹងដល់ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ។

សេចក្ដីជូនដំណឹង! មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថានៅទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ។

យោងតាមការព្យាករសម្ពាធសកម្មមួយ(ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង)នៃប្រព័ន្ធសម្ពាធទាបខាងលើនឹងរំកិលចូលមកតំបន់ព្រំប្រទល់ប្រទេសកម្ពុជា.ឡាវ រួចបន្តដំណើរពីកើតមកលិចស្របជួរភ្នំដងរែក ។ ដំណើរនៃសម្ពាធទាបសកម្មដូចបានជម្រាបជូនខាងលើ អាចបណ្ដាតាមតំបន់ខ្ពង់រាបភាគឥសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាល.ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី២៦.២៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងលិខិត សេចក្ដីជូនដំណឹងនោះឲ្យដឹងទៀតថា ជាក់ស្ដែងនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកបានកើនឡើងក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន ។ 

ដូច្នេះ! ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយម សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា មានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ទឹកស្ទឹងអារ៉ៃ និងស្ទឹងធំ មានកំរិតខ្ពស់មកលើស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់នៅខេត្តពោធិ៍សាត់ ។

លោក កែវ វៃ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងផងដែរ នៅព្រឹកថ្ងៃដដែលនេះ កំពស់ទឹកស្ទឹងពោធិ៍សាត់ ក្រុងពោធិ៍សាត់៥.៥៤ម៉ែត្រ(ប្រកាសអាសន្ន)៥.០០ម៉ែត្រ ស្ទឹងនៅស្រុកវាលវែង២.០០ម៉ែត្រ ស្ទឹងស្រុកភ្នំក្រវាញ៦.៣៣ម៉ែត្រ ដោយឡែកៈ ទន្លេសាប! ឃុំកំពង់លួង ស្រុកក្រគរ៥.៩៩ម៉ែត្រ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖