ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់រំលោភលើទំនុកចិត្ត នៅស្រុករមាសហែកខណៈខ្ចីម៉ូតូមេការសំណង់ជិះគេចខ្លួនមកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនាព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៣នេះថាជនសង្ស័យមានឈ្មោះ ជា ប្រុសពៅ (ហៅទូច) អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលស្រុករមាសហែក បានទទួលបណ្តឹងពីឈ្មោះ តើញ ហ៊ាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបុរីជលសា ខេត្តតាកែវ ដែលបានប្តឹងចោទប្រកាន់ឈ្មោះ ជា ប្រុសពៅ (ហៅទូច) ថាបានប្រពឹត្តិអំពើរំលោភលើទំនុកចិត្ត ដោយបានប្រើល្បិចសុំខ្ចីម៉ូតូម៉ាកស៊ីភីអ៉ិច(C.P.X) ពាក់ផ្លាកលេខភ្នំពេញ: ៣១៥៩ មានលេខម៉ាស៊ីន: GF-1039208 ដោយនិយាយប្រាប់ថាសុំខ្ចីម៉ូតូជិះទៅកន្លែងវីងដើម្បីទិញកាតទូរសព្ទ័មួយភ្លែត តែបន្ទាប់ពីខ្ចីម៉ូតូបាន ខ្លួនក៏ជិះម៉ូតូគេចខ្លួនមកខេត្តស្វាយរៀងតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួចមក កម្លាំងអធិការដ្ឋានគរបាលស្រុករមាសហែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រាច ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបានប្រទះឃើញឈ្មោះជា ប្រុសពៅ (ហៅទូច) នៅចំណុចភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង រួចក៏នាំខ្លួនមកធ្វើការសាកសួរ និងបានឆ្លើយសារភាពថា: ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះប្រាកដមែន តែក្រោយពីខ្ចីម៉ូតូបាន ខ្លួនបែរជាជិះម៉ូតូនោះមកខេត្តស្វាយរៀងតែម្តង។
បន្ទាប់ពីសាកសួររួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័យកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សុថាន