ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពីបទរំលោភសេចក្តីទុកចិត្ត ការជួលកន្លែងលក់ដូរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពីបទរំលោភសេចក្តីទុកចិត្ត ការជួលកន្លែងលក់ដូរនៅក្រុងបាវិត។

នគរបាលរដ្ឋបាលបាវិតបានអោយដឹងថាស្ត្រីជនសង្ស័យមានឈ្មោះ ប៊ួយ ធីធូ (BUI THI THU ) ភេទស្រី អាយុ៤៦ឆ្នាំជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិថឹងតាំ ឃុំឡើយធឹង ស្រុកបេនកូវ  ខេត្តតៃនិញ ប្រទេសវៀតណាម។

ប្រភពបន្តថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤និង១៥នាទីល្ងាច ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹង០១ច្បាប់ពីជនរងគ្រោះឈ្មោះ ឯក ស្រីមាន ភេទស្រី អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ប៊ួយ ធីធូ ពីបទរំលោភសេចក្តីទុកចិត្ត ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០២២ ទាក់ទិនការជួលកន្លែងលក់ដូរ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នូវទឹកប្រាក់ចំនួន ៣៥.០០០.០០០ដុង(សាមសិបប្រាំលានដុង) ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួច សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងនាំឈ្មោះ ប៊ួយ ធីធូ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានកសាងសុំណុំរឿង ចាត់ការបន្ត តាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖