ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ខឹងគេប្រាប់ថាឈប់ជក់គ្រឿងញៀនទៅ ក៏ស្ទុះទៅយកកាំបិតប៉័ងតោនិងពូថៅកាប់ទៅលើបុរសពីរនាក់ឲ្យរងរបួសយ៉ាងដំណំ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៤០នាទីចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះ២នាក់ភេទប្រុស ១/ ឈ្មោះធឿន កុសល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសបាតដៃ០១កន្លែង និងរបួសក្បាលខាងស្តាំ០១កន្លែងដេរ៣ថ្នេរ) ។ ២/ ឈ្មោះធឿន គន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសក្បាលខាងឆ្វេង០១កន្លែងដេរ០៥ថ្នេរ និងរបួសថ្ពាល់ខាងស្តាំដេរ១៥ថ្នេរ) ។
ជនសង្ស័យឈ្មោះ សុន ស៊ីចាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) ។វត្ថុតាង ពូថៅដៃនិងកាំបិតបុ័ងតោ កំពុងស្វែងរក។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំនិងវេលាខាងលើ មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់រួមជាមួយមិត្តភក្តិពីរនាក់ទៀតបាននាំគ្នាទិញស្រាថ្នាំចំនួនមួយលីត្រយកមកផឹក លុះពេលផឹកអស់ស្រាថ្នាំ ជនរងគ្រោះឈ្មោះ ធឿន កុសល ភេទប្រុស បានជិះម៉ូតូទៅទិញទឹកត្នោតជូរនៅវត្តមុន្នី សង្កាត់ក្បាលកោះចំនួន១ស្មាច់យកមកផឹកបន្តទៀត ពេលផឹកទឹកត្នោតជូរអស់បីកែវ ស្រាប់តែជនសង្ស័យបានដើរមកជិតជនរងគ្រោះឈ្មោះ ធឿន កុសល ភេទប្រុស ពេលនោះជនរងគ្រោះឈ្មោះធឿន កុសល ភេទប្រុសបាននិយាយទៅកាន់ជនសង្ស័យថា÷ឯងឈប់ជក់ថ្នាំញៀនទៅ ជនសង្ស័យក៏បាននិយាយតបវិញថា÷កុំចេះដឹងរឿងអញ ថាហើយជនសង្ស័យបានដើរចូលទៅក្នុងផ្ទះរបស់ឈ្មោះ រុន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំជាមួយ ទាញយកកាំបិតបុ័ងតោមកកាប់ទៅលើជនរងគ្រោះឈ្មោះ ធឿន កុសល ភេទប្រុស ត្រូវចំបាតដៃ ជនរងគ្រោះឈ្មោះធឿន កុសល ភេទប្រុស ក៏បានទាញយកដែកទីបដឺរ៉ាប្រវែងប្រហែលកន្លះម៉ែត្រវ៉ៃទៅលើជនសង្ស័យវិញត្រូវចំដងខ្លួន ឃើញដូចនោះឈ្មោះ ធឿន គន្ធី ភេទប្រុស បានចូលទៅឃាត់តែអ្នកទាំង២មិនព្រមស្ដាប់ឡើយពេលនោះជនសង្ស័យក៏បានរត់ចេញទៅយកពូថៅដៃមកកាប់ជនរងគ្រោះឈ្មោះធឿន កុសល ភេទប្រុស ត្រូវចំក្បាលខាងស្តាំ១កន្លែង(ដេរ៣ថ្នេរ)ទៀតធ្វើអោយ ធឿន កុសលដួលទៅនិងដី។បន្ទាប់មកជនសង្ស័យបន្តកាប់ទៅលើជនរងគ្រោះឈ្មោះធឿន គន្ធី ភេទប្រុស ត្រូវចំក្បាលខាងឆ្វេង១កន្លែង(ដេរ៥ថ្នេរ)និងត្រូវចំថ្ពាល់ខាងស្តាំ(ដេរ១៥ថ្នេរ) ធឿន គន្ធីដួលលើដីទៀត ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូនយកមកមណ្ឌលសុខភាពឃុំភូមិធំដើម្បីព្យាបាលរបួស ។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍និងកម្លាំងផ្នែកយុត្តិធម៌ចុះដល់កន្លែងកើតហេតុដើម្បីស្វែងរកជនសង្ស័យដែលកំពុងរត់គេចខ្លួន។
ដោយក្ដីគោរពនិងអង្គហេតុខាងលើកម្លាំងជំនាញសុំគោលការបន្តនីតិវិធីស្វែងរកជនសង្ស័យដែលកំពុងរត់គេចខ្លួនយកមកអនុវត្តន៍តាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ