ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានរដ្ឋបាល រៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិក នៃនាយកដ្ឋានមុខងារ និងធនធាន

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិកចំណុះនាយកដ្ឋានមុខងារ និងធនធាន ក្រោមអធិបតីភាព លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។  

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី  លោក លោកស្រីជាអគ្គនាយរង ទីប្រឹក្សា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទ សរុបប្រមាណ ៥៥រូប។ 

លោក បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានធ្វើសេចក្ដីរាយការណ៍អំពីសមិទ្ធផលការងារ បញ្ហាប្រឈម សំណើ សំណូមពរ និងទិសដៅការងារបន្ត របស់នាយកដ្ឋាន ជូន គណៈអធិបតី និងអង្គប្រជុំ។ 

បន្ទាប់ពីបានស្តាប់នូវសេចក្ដីរាយការណ៍ អំពីសមិទ្ធផលការងារសម្រេចបាន ពិសេសបញ្ហាប្រឈម និងទិសដៅបន្តរបស់នាយកដ្ឋានរួចហើយ លោក សួស ប្រាថ្នា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដោយចិត្តស្មោះសររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប នៃនាយកដ្ឋានមុខងារ និងធនធានដែលធ្វើអោយនាយកដ្ឋានមុខងារ និងធនធានសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ 

លោក អគ្គនាយក ក៏បានធ្វើការលើកទឹកចិត្ត និងជម្រុញដល់ថ្នាក់ដឹកនាំនាយកដ្ឋាន រួមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបន្តអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមទិសដៅ និងផែនការដែលបានគ្រោងទុក និងត្រូវខិតខំរួមគ្នាដើម្បីធានានិរន្តរភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ដោយត្រូវអនុវត្តតាមភារកិច្ចទទួលខុសត្រូវលើការងាររៀងៗខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត និងសូមសហការជាមួយ នាយកដ្ឋានរដ្ឋបាលសរុប ក្នុងការបន្តរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ សម្រាប់ធ្វើជាត្រីវិស័យក្នុងការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ ប្រចាំឆមាស ត្រីមាស និងខែស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោក អគ្គនាយក បានផ្តល់ការណែនាំអោយពង្រឹងការងារគ្រប់គ្រងវត្តមានមន្ត្រី ការចាត់ចែង និងការគ្រប់គ្រងបុគ្គលិកទាំងអស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ និងឱ្យមានវិធានការចំពោះមន្ត្រីអសកម្ម ដែលមានការឆកល្វែងក្នុងការមកបំពេញការងារ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងាររបស់នាយកដ្ឋាន និងសម្រេចបានជោគជ័យការងារធំធេងបន្តបន្ទាប់ទៀតជូនជាតិ៕

ដោយ៖ សហការី


ចែករំលែក៖