ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកស្រី Kristin PARCO ប្រធានបេសកកម្មរបស់អង្គការ International Organization for Migration (IOM) ប្រចាំប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ IOM ចំពោះកិច្ចសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមគាំទ្រក្នុងការលើកកម្ពស់សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា។
លោកស្រីនាយិកា បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកស្រីប្រធានបេសកកម្ម បានជម្រាបជូន លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា IOM បានសហប្រតិបត្តិការជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិ នាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ គាំទ្រក្រសួងសុខាភិបាលក្នុងការរៀបចំនូវគោលនយោបាយជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍ និងចូលរួមជួយរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០។ តាមរយៈគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិខាងលើ IOM បានចូលរួមគាំទ្រដល់ដំណើរការក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន ក្នុងនោះបានសហការគាំទ្រដល់ការបង្កើតក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ក្រោមជាតិសម្រាប់រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ IOM ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា និងស្នើដល់អង្គការ IOM បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយទៀតក្រៅពីសុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា ដូចជាការស្រាវជ្រាវរកជំងឺឆ្លងដែលអាចមាននៅលើអ្នកចំណូលស្រុកមកកម្ពុជា ការងារសុខភាពតែមួយ ជំងឺរបេង ជំងឺអេដស៍ និងការងារសុខភាពឌីជីថលជាដើម។
លោកស្រីប្រធានបេសកកម្មអង្គការ IOM បានជម្រាបជូនថា លោកស្រីមានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានទទួលនូវការគាំទ្រពីក្រសួងសុខាភិបាល និងជាពិសេសពី លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដោយលោកស្រីបានបញ្ជាក់ជូនថា សំណើ ដែលបានលើកឡើងនេះគឺជាអនុសាសន៍គន្លឹះសម្រាប់ IOM រៀបចំផែនការសកម្មភាពសហការជាមួយក្រសួងសុខាភិបាលជាបន្តទៀត ដោយលោកស្រីបានសន្យាថា លោកស្រីនឹងរៀបចំកិច្ចសហប្រតិបត្តិការលើការងារសុខភាពឌីជីថលនេះជាមួយក្រសួងឱ្យបានឆាប់ដោយផ្អែកលើបទពិសោធន៍ IOM ដែលជាស្ថាប័ន UN។
លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ IOM ជាពិសេសលោកស្រីប្រធានបេសកកម្ម អង្គការ ដែលបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សហការី